រដ្ឋមន្រ្តីក្រសួងការបរទេសអាហ្វហ្គានីស្ថាន លោក Mohammad Haneef Atmar បាននិយាយថា ប្រទេសរបស់លោកស្វាគមន៍ និងគាំទ្រចំពោះការចូលរួមរបស់តួកគីបន្ថែមទៀត រួមទាំងការការពារអាកាសយានដ្ឋានកាប៊ុលផងដែរបន្ទាប់ពីការដកទ័ពចេញរបស់សហរដ្ឋអាមេរិក។
កាលពីដើមខែមិថុនា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា ទីក្រុងអង់ការ៉ាគ្រោងនឹងយាមការពារនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលបន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកបានចាកចេញពីអាហ្វហ្គានីស្ថាន។ បញ្ហានេះត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរវាងលោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ។ អ្នកតំណាងពិសេសរបស់រុស្ស៊ីប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន លោក Zamir Kabulov បាននិយាយថា ផែនការរបស់ប្រទេសតួកគី គឺរំលោភបំពានទៅលើកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់។
រដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ TRT World ដែលបានចុះផ្សាយនៅលើគណនីបណ្តាញសង្គម Twitter របស់លោកថា «យើងស្វាគមន៍វា ហើយយើងនឹងគាំទ្រវា។ យើងជឿជាក់ថា កាគាំទ្រនេះនឹងចាំបាច់សម្រាប់ការបន្តរបស់តួកគី និងអង្គការណាតូ ក៏ដូចជាការគាំទ្រពីសហគមន៍អន្តរជាតិដល់អាហ្វហ្គានីស្ថាន»។
លោករដ្ឋមន្រ្តីបាននិយាយបន្ថែមថា តួកគីនឹងក្លាយជាប្រទេសនាំមុខគេក្នុងការផ្តល់សន្តិសុខសម្រាប់អាកាសយានដ្ឋានកាប៊ុល ហើយក្នុងអំឡុងពេលនៃការអនុវត្តនេះ វាអាចនឹងទទួលបានការគាំទ្រពីសមាជិកផ្សេងទៀតរបស់អង្គការណាតូ។
លោក Atmar បាននិយាយថា តួនាទីរបស់ប្រទេសប៉ាគីស្ថាន គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងដំណើរការសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានស្ថេរភាព៕
ប្រភព៖ក្រសួងព័ត៌មាន