កាសែត The Times of India បានចុះផ្សាយថា ប្រទេសឥណ្ឌាបានចាប់ផ្តើមចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ប្រជាជនពេញវ័យទាំងអស់របស់ខ្លួនដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបាននិយាយបន្ថែមថា រដ្ឋាភិបាលឥណ្ឌានឹងទិញវ៉ាក់សាំង ៧៥ភាគរយដែលផលិតនៅក្នុងប្រទេស ហើយចែកចាយទៅកាន់រដ្ឋនានារបស់ប្រទេសនេះ។
ចំនួនវ៉ាក់សាំងដែលទទួលបានដោយតំបន់នីមួយៗនឹងអាស្រ័យទៅលើចំនួនប្រជាជន ចំនួនករណីជំងឺកុវីដ-១៩ ដែលត្រូវបានកត់ត្រា និងចំនួនអ្នកដែលត្រូវទទួលបានការចាក់វ៉ាក់សាំង។ វ៉ាក់សាំងដែលនៅសេសសល់ចំនួន ២៥ភាគរយអាចត្រូវបានទិញដោយរដ្ឋ និងគ្លីនិកឯកជននានា។
នៅក្នុងខែមិថុនានេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានសង្កត់ធ្ងន់នៅពេលប្រកាសអំពីគំនិតផ្តួចផ្តើមនេះថា ប្រជាជនគ្រប់រូបនៅក្នុងប្រទេសដោយមិនគិតពីប្រាក់ចំណូល និងស្ថានភាពសង្គម នឹងទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។ ប្រទេសឥណ្ឌាបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៦ ខែមករា ហើយរហូតដល់ថ្ងៃទី ៣០ ខែមេសា រដ្ឋាភិបាលនៃប្រទេសនេះបានចែកចាយវ៉ាក់សាំងដោយឥតគិតថ្លៃទៅដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា មន្រ្តីប៉ូលីស និងបុគ្គលិកសង្គ្រោះបន្ទាន់ ក៏ដូចជាប្រជាជនដែលមានអាយុលើសពី ៤៥ឆ្នាំដែលអាចទទួលបានការចាក់វ៉ាក់សាំងផងដែរ។
ប្រទេសឥណ្ឌា គឺជាអ្នកផលិតវ៉ាក់សាំងសកលលោកដ៏សំខាន់មួយ បើទោះបីជាប្រទេសនេះមានអត្រាចាក់វ៉ាក់សាំងយឺតៗក៏ដោយ ដោយក្នុងរយៈពេល ១៥៦ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំង ប្រជាជនចំនួន ២៨លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬប្រហែល ២ភាគរយនៃចំថនួនប្រជាជនសរុបរបស់ប្រទេសនេះ។
កម្មវិធីចាក់វ៉ាក់សាំងថ្មីត្រូវបានបង្កើតឡើងក្នុងកំឡុងពេលមានការថយចុះនៃករណីឆ្លងដែលត្រូវបានកត់ត្រានៅក្នុងប្រទេសឥណ្ឌា។ កាលពីមុន ប្រទេសឥណ្ឌាបានប្រឈមមុខនឹងតួលេខនៃការឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុត ដោយចាប់ពីថ្ងៃទី ២១ ខែមេសា ដល់ថ្ងៃទី ១៧ ខែឧសភា ចំនួនករណីឆ្លងដែលត្រូវបានកត់ត្រាមានលើសពី ៣០០ ០០០នាក់ក្នុងមួយថ្ងៃ។ រយៈពេល ៥ថ្ងៃកាលពីក្នុងខែឧសភា ចំនួនករណីឆ្លងប្រចាំថ្ងៃបានកើនលើសពី ៤០០ ០០០នាក់។
កាលពីថ្ងៃច័ន្ទ អាជ្ញាធរសុខាភិបាលឥណ្ឌាបានជូនរាយការណ៍ថា ចំនួនសរុបនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានកើនឡើងដល់ ២៩,៩លាននាក់ ដោយក្នុងនោះមានអ្នកជំងឺជាង ២៨,៧លាននាក់បានជាសះស្បើយ ហើយជាង ៣៨៦ ០០០នាក់បានស្លាប់៕
ប្រភព៖ក្រសួងព័ត៌មាន