កាលពីថ្ងៃច័ន្ទ ប្រេសិតពិសេសថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើងបាននិយាយថា សហរដ្ឋអាមេរិកបានស្នើសុំជួបពិភាក្សាជាមួយកូរ៉េខាងជើងនៅទីកន្លែងណាមួយ និងពេលណាមួយដោយគ្មានល័ក្ខខ័ណ្ឌ ហើយរង់ចាំការឆ្លើយតបជាវិជ្ជមានពីទីក្រុងព្យុងយ៉ាង។
ឯកអគ្គរដ្ឋទូត Sung Kim បានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចពិភាក្សាត្រីភាគីជាមួយសមភាគីកូរ៉េខាងត្បូង លោក Noh Kyu-duk និងសមភាគីជប៉ុន លោក Takehiro Funakoshi នៅទីក្រុងសេអ៊ូល ដែលពួកគេបានពិភាក្សាគ្នាអំពីការលើកឡើងថ្មីៗរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលថាប្រទេសរបស់លោកគួរតែត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សា និងការប្រឈមមុខដាក់គ្នា។
លោក Kim បាននិយាយថា «យើងបន្តសង្ឃឹមថា កូរ៉េខាងជើងនឹងឆ្លើយតបជាវិជ្ជមានចំពោះការស្នើ និងការផ្តល់ជូនរបស់យើងដើម្បីជួបពិភាក្សានៅទីកន្លែងណាមួយ និងនៅពេលណាមួយដោយគ្មានលក្ខខណ្ឌជាមុន»។
លោក Kim ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងបន្តអនុវត្តដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
លោកបាននិយាយថា «យើងក៏នឹងជម្រុញឱ្យរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ ជាពិសេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើដូចគ្នានេះដែរ ដើម្បីដោះស្រាយការគំរាមកំហែងដល់សហគមន៍អន្តរជាតិដែលបង្កឡើងដោយកូរ៉េខាងជើង»។
លោក Kim បានកាន់ដំណែងជាអ្នកតំណាងពិសេសសម្រាប់កូរ៉េខាងជើងកាលពីខែមុន ខណៈដែលដំណាលគ្នានោះលោកក៏ជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសឥណ្ឌូណេស៊ីផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងសេអ៊ូលបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបញ្ចប់កិច្ចប្រជុំពេញអង្គរយៈពេល ៤ថ្ងៃរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សពលករកាលពីសប្តាហ៍មុន។
នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំកូរ៉េខាងជើងបានអំពាវនាវឱ្យប្រទេសរបស់លោកត្រៀមខ្លួនសម្រាប់ទាំងកិច្ចសន្ទនាគ្នា និងការប្រឈមមុខគ្នា ប៉ុន្តែសំខាន់ជាងនេះទៀតនោះ គឺលោកបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃ «ការគ្រប់គ្រងស្ថេរភាព» នៅឧបទ្វីបកូរ៉េ៕
ប្រភព៖ក្រសួងព័ត៌មាន