កាលពីថ្ងៃចន្ទ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានរៀបចំកិច្ចចរចាកម្រិតការងារមួយនៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីបញ្ហាអូសបន្លាយរយៈពេលជាយូរអំពីទាសភាពផ្លូវភេទសម័យសង្គ្រាម ការបង្ខំឱ្យធ្វើពលកម្ម និងបញ្ហាដែលមិនទាន់សម្រេចផ្សេងៗទៀត។
កិច្ចប្រជុំរវាងលោក Lee Sang-ryeol អគ្គនាយកកិច្ចការអាស៊ីប៉ាស៊ីហ្វិកនៃក្រសួងការបរទេសទីក្រុងសេអ៊ូល និងសមភាគីជប៉ុន លោក Takehiro Funakoshi បានកើតឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលក្នុងការបង្រួបបង្រួមទំនាក់ទំនងជាមួយទីក្រុងតូក្យូ។
លោក Funakoshi ក៏បានដើរតួនាទីក្នុងនាមជាប្រេសិតនុយក្លេអ៊ែរកំពូលរបស់ជប៉ុនដែលកំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូលនៅក្នុងសប្តាហ៍នេះ បានជួបពិភាក្សាត្រីភាគីជាមួយសមភាគីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអំពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lee បានសង្កត់ធ្ងន់នៅក្នុងកិច្ចពិភាក្សាថា ប្រទេសជប៉ុនចាំបាច់ត្រូវបង្ហាញភាពស្មោះត្រង់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះជុំវិញពលកម្មដោយបង្ខំ និងទាសភាពផ្លូវភេទ ដោយបានកត់សម្គាល់ថា ទីក្រុងសេអ៊ូលបានជួបតំណាងជនរងគ្រោះ និងក្រុមតស៊ូមតិដើម្បីស្តាប់យោបល់របស់ពួកគេ។
លោក Lee ក៏បានបង្ហាញនូវការព្រួយបារម្ភជុំវិញការបន្តទាមទារទឹកដីរបស់តូក្យូចំពោះកូនកោះ Dokdo នៅភាគខាងកើតរបស់កូរ៉េខាងត្បូង និងផែនការរបស់ខ្លួនជុំវិញបញ្ហានៃការបង្ហូរទៅក្នុងមហាសមុទ្រនូវសារធាតុទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima។
ក្រសួងនេះបាននិយាយថា នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានចែករំលែកនូវការយល់ដឹងថា ការជំរុញទំនាក់ទំនងទ្វេភាគីក្នុងលក្ខណៈប្រកបដោយស្ថេរភាព និងឆ្ពោះទៅមុខ គឺមានសារៈសំខាន់ណាស់ដល់សន្តិភាព និងស្ថេរភាពនៅអាស៊ីឥសាន និងលើសពីនេះទៀត។
ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ នៅតែមានភាពតានតឹងនៅពេលដែលប្រទេសជប៉ុនកាលពីពេលថ្មីៗនេះបានលុបចោលនូវកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងនាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា អំពីផ្នែកមួយចំនួននៃសម័យប្រជុំក្រុមប្រទេស G-7 នៅក្នុងប្រទេសអង់គ្លេសកាលពីដើមខែមុននេះ៕
ប្រភព៖ក្រសួងព័ត៌មាន