កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានបង្ហាញថា ប្រេសិតកំពូលរបស់ចិនប្រចាំនៅកូរ៉េខាងជើងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តទាំងពីរ ស្តីពីសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់ នៅក្នុងឱកាសខួបលើកទី ២ នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងព្យុងយ៉ាង។
នៅក្នុងអត្ថបទចេញផ្សាយមួយរបស់កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សពលករដែលកំពុងកាន់អំណាចនៅកូរ៉េខាងជើងបានឱ្យដឹងថា ឯកអគ្គរដ្ឋទូតចិន លោក Li Jinjun ក៏បាននិយាយផងដែរថា ប្រទេសចិន និងកូរ៉េខាងជើងគួរតែពង្រីកការប្រាស្រ័យទាក់ទងរបស់ពួកគេនៅពេលដែលទំនាក់ទំនងរបស់ពួកគេប្រឈមមុខនឹង «ចំណុចចាប់ផ្តើមថ្មី»។
ឯកអគ្គរដ្ឋទូតចិនរូបនេះបាននិយាយថា «ប្រទេសចិន និងកូរ៉េខាងជើង បានដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃសន្តិភាព ពីព្រោះពួកគេបានឆ្លងកាត់ទុក្ខវេទនាជាមួយគ្នា»។
លោកបាននិយាយបន្ថែមថា «ពួកគេនឹងចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ ទន្ទឹមនឹងការពង្រឹងការប្រាស្រ័យទាក់ទងនៅគ្រប់កម្រិតដែលអាចធ្វើទៅបាន និងពិភាក្សាអំពីបញ្ហាចាំបាច់សម្រាប់ស្ថេរភាពរយៈពេលវែង»។
ដោយប្រឈមមុខនឹង «ចំណុចចាប់ផ្តើមថ្មី» លោកបាននិយាយថា ប្រទេសទាំងពីរគួរតែសម្លឹងឆ្ពោះទៅមុខនូវការពង្រឹង «ទំនាក់ទំនងជាយុទ្ធសាស្រ្ត» និងពង្រីកកិច្ចសហប្រតិបត្តិការ «នៅកម្រិតការងារ» តាមរបៀបមួយដែលនឹងធ្វើឱ្យទំនាក់ទំនងមិត្តភាពកាន់តែស៊ីជម្រៅ និងទទួលបានការឯកច្ឆ័នដែលមេដឹកនាំរបស់ពួកគេបានឯកភាពគ្នា។
ដោយលើកឡើងថា ឆ្នាំនេះជាខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន លោក Li ក៏បានសង្កត់ធ្ងន់ថា ប្រទេសចិនមិនបានផ្លាស់ប្តូរអ្វីទាំងអស់ក្នុងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ។
វាក៏បានកើតឡើងផងដែរបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យប្រទេសរបស់លោកត្រៀមខ្លួនសម្រាប់ទាំងកិច្ចសន្ទនា និងការប្រឈមមុខគ្នាជាមួយសហរដ្ឋអាមេរិក នៅឯកិច្ចប្រជុំគណបក្សដ៏សំខាន់មួយដែលធ្វើឡើងកាលពីសប្តាហ៍មុន។
ប្រទេសកូរ៉េខាងជើងក៏បានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏យូរអង្វែងជាមួយប្រទេសចិនផងដែរ៕
ប្រភព៖ក្រសួងព័ត៌មាន