ក្នុងរដូវបិទនេសាទមន្ត្រីជលផលខេត្តស្ទឹងត្រែងអំពាវនាវឱ្យអភិរក្សពូជត្រីសំខាន់ៗនិងត្រីមេពូជ

406

ស្ទឹងត្រែង៖ មន្ត្រីខណ្ឌជលផលខេត្តស្ទឹងត្រែងបានអំពាវនាវទៅអ្នកនេសាទគ្រប់រូប ប្រសិនបើធ្វើនេសាទបានប្រភេទត្រីសំខាន់ៗ ដែលកំពុងរងការផុតពូជ ត្រូវព្រលែងវាទៅវិញ ទើបកំណត់បានថាយើងបានចូលរួមអភិរក្សត្រីមេពូជ។

ក្នុងសកម្មភាពចុះបង្ក្រាបបទល្មើសនៅរដូវបិទនេសាទកាលពីថ្ងៃទី២១មិថុនាកន្លងមកនេះ លោកវង់សាវឿននាយរងខណ្ឌជលផល បានកត់សម្គាល់ឃើញថា៖ក្នុងរដូវបិទនេសាទនេះ សង្កេតឃើញមានប្រជាអ្នកនេសាទមួយចំនួន បានលួចលាក់ធ្វើនេសាទនៅក្នុងតំបន់ស្នូលដែលពពួកត្រីមេពូជរស់នៅ។

លោកថានេះជាសកម្មភាព មួយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះធនធានមច្ឆជាតិដែល កំពុងពងកូនក្នុងរដូវបិទនេសាទ ហើយករណីនេះបើរកឃើញថា ប្រព្រឹត្តខុសច្បាប់ជលផល សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធ នៅតាមមូលដ្ឋាន មិនអត់ឱនឱ្យទេ ត្រូវមានវិធានការតាមនីតិវិធី។

លោកបន្ថែមថា៖ប្រជាអ្នកនេសាទមួយចំនួនចូលរួមគោរពច្បាប់ជលផលបានល្អនៅតែមួយចំនួនតូចតែប៉ុណ្ណោះបានលួចធ្វើនេសាទខុសច្បាប់ នៅតាមអន្លង់អភិរក្សនៅពេលយប់ ខ្លះទៀតហ៊ានប្រើប្រាស់ឧបករណ៍ខុសច្បាប់ថែមទៀត។

លោក ម៉ា សុខៈ ប្រធានសហគមន៍នេសាទកាំងដីស បានបញ្ជាក់ថា៖បទល្មើសនេសាទទាំងនេះ ទោះបីមានកិច្ចសហការគ្នាបង្ក្រាបយ៉ាងណាក៏ដោយ ក៏នៅ ពុំទាន់មានប្រសិទ្ធភាពនៅឡើយទេ ព្រោះពេលចុះទៅម្តងៗ ជនសង្ស័យហាក់ដូចជាដឹងផែនការមុន បង្ក្រាបមិនបាន។

លោកបន្ដែមថា៖ប្រជាអ្នកនេសាទមួយចំនួនគាត់ក៍បានរួមគ្នាអភិរក្សធនធានមច្ឆជាតិ ក្នុងរដូវបិទនេសាទនេះដែរ ពេលធ្វើនេសាទជាលក្ខណៈគ្រួសារ បានប្រភេទត្រីជិតផុតពូជ ពួកគាត់បានលែងវិញដូចជាត្រីបបែលនេះជាដើម។

សូមបញ្ជាក់ថា៖រយៈពេលជាង៥០ថ្ងៃមកនេះ ក្រុមអភិរក្សត្រីមេពូជចុះល្បាតបានចំនួន ៣៧លើក ចាប់ពីព្រំប្រទល់ចំណុចកោះចង្ហា នៃទន្លេមេគង្គទឹកដីខេត្តក្រចេះ ទៅដល់ភូមិសាស្ត្រតំបន់រ៉ាមសារ ដើម្បីអភិរក្សពពួកត្រីដែលកំពុងរងគ្រោះថ្នាក់រួមមានត្រីរាជ-ត្រីគល់រាំង-ត្រីត្រសក់ក្រហម -ត្រីត្រសក់ស-ត្រីថ្ករ-ត្រីនាគ-ត្រីគៀតស្រង-ត្រីគជ្រា-ត្រីបីកំណាត់-ត្រីកន្ត្រប់ខ្លា-ត្រីត្បក-ត្រីឆ្មាក្រពើ-ត្រីត្រចៀកដំរី-ត្រីរមាស-ត្រីផ្ទក់-ត្រីកញ្ចុំក្របី-ត្រីក្របី និងត្រីបបែលជាដើម៕

ប្រភព៖ក្រសួងព័ត៌មាន