ការស្តារប្រឡាយលូ៥ គ្រោងនឹងបញ្ចប់នៅខែកក្កដា ខាងមុខនេះ

265

ភ្នំពេញ៖ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្តារប្រឡាយលូ៥ ដែលមានប្រវែងជាង១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយគ្រោងនឹងបញ្ចប់នៅខែកក្កដា ខាងមុខនេះ ដើម្បីបង្ហូរទឹកភ្លៀងនារដូវវស្សាឲ្យបានលឿនទៅកាន់ស្ថានីយបូមទឹក បញ្ចៀសការលិចលង់លំនៅឋានប្រជាពលរដ្ឋ។

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ មិថុនានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ:នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមាន អង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា និងមួយផ្នែកទៀត កុំឲ្យហូរចូលទៅប្រឡាយបឹងទំពុននិងជន់លិចលំនៅឋានប្រជាពលរដ្ឋ។

លោក ដួង ចាន់សារ៉ាត់ បានបន្តថា ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រ ទទឹងមានទំហំពី១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំ ផ្លូវវេងស្រេងដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ មិថុនា ហើយគ្រោងបញ្ចប់ នៅពាក់កណ្តាលខែកក្កដាខាងមុខ។ លោកបញ្ជាក់ថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹក ក្នុងមូលដ្ឋានខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទម្លាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក។

លោកដួង ចាន់សារ៉ាត់ បន្តទៀតថា ប្រឡាយលូ៥នេះ ពោរពេញទៅដោយសំរាមនិងភក់ ពិសេសកាកអំពៅត្រូវបានប្រជាពលរដ្ឋដឹកទៅ ទម្លាក់ចូលក្នុងប្រឡាយនេះតែម្តង។ ដូច្នេះ លោកសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំឲ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕

ប្រភព៖ក្រសួងព័ត៌មាន