មន្ទីរបរិស្ថានខេត្តរតនគិរីគាំទ្រសហគមន៍តំបន់ការពារធម្មជាតិអូរកាសៀបក្នុងការផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវដើរមើល សត្វទោចថ្ពាល់លឿង

282

រតនគីរី៖ មន្ទីរបរិស្ថានខេត្តរតនគិរីគាំទ្រដល់សហគមន៍តំបន់ការពារធម្មជាតិអូរកាសៀប ក្នុងការផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវដើរមើលសត្វទោចថ្ពាល់លឿង ដើម្បីបង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន ហើយកាត់បន្ថយការពឹងអាស្រ័យទៅលើផល និងអនុផលព្រៃឈើនិងការបរបាញ់សត្វ។

លោក ផុន ខេមរិន្ទប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មន្ទីរបានសហការជាមួយក្រុមហ៊ុន CI ដើម្បីបង្កើតជាសហគមន៍តំបន់ការពារធម្មជាតិអូរកាសៀប ក្នុងគោលបំណងជួយប្រជាសហគមន៍ឱ្យមានជីវភាពធូរធារជាងមុន តាមរយៈការទទួលបានចំណូលពី វិស័យទេសចរណ៍។ បន្ថែមពីនេះទៀត ការបង្កើតសហគមន៍ទេសចរណ៍នេះ ក៏ចង់ឱ្យក្រុមប្រជាសហគមន៍មានស្មារតីរួមគ្នាថែរក្សាការពារសត្វព្រៃនានានៅក្នុងតំបន់នេះ ដូចជាការដើរល្បាតព្រៃ ដើម្បីទប់ស្កាត់ការ បរបាញ់​​សត្វព្រៃខុសច្បាប់និងទប់ស្កាត់មិនឱ្យមានករណីកាប់បំផ្លាញព្រៃឈើខុសច្បាប់នាំឱ្យបាត់បង់ជម្រកសត្វព្រៃ ។

លោកបានបន្តថា តាមរយៈធនធានធម្មជាតិក្នុងតំបន់នេះនឹងធ្វើឱ្យប្រជាសហគមន៍ អាចរកចំណូលបានដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារតាមរយៈការបម្រើសេវាកម្មជូនភ្ញៀវចូលក្នុងតំបន់ការពារធម្មជាតិអូរកាសៀបនេះ ទៅទស្សនាសត្វទោចថ្ពាល់លឿង និងប្រភេទសត្វព្រៃជាច្រើនផ្សេងៗទៀត ទស្សនារុក្ខជាតិ និងដើមឈើធំៗ ងូតទឹកជ្រោះ និងអូរធម្មជាតិ សេវាកម្មម្ហូបអាហារ សេវាកម្មស្នាក់នៅ ជួលកង់ជិះកម្សាន្តលេង ជួលទូកជាដើម ។

« បច្ចុប្បន្ននេះដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងមានជីវភាពល្អប្រសើរ ហើយឱ្យងាកឆ្ងាយពីអនុផលព្រៃឈើមួយចំនួនដែលគាត់តែងតែរំពឹងទុកនោះ គឺយើងមកផ្តោតមកលើសេវាកម្មទេសចរណ៍ធម្មជាតិ ហើយទេសចរណ៍ធម្មជាតិនេះគឺថា សហគមន៍គាត់បានចូលរួមចំណែកយ៉ាងច្រើនក្នុងការចូលរួមជាមួយនឹងខាងជំនាញ គាត់អាចផ្តល់ជាសេវាកម្មនាំភ្ញៀវ ការចម្អិនម្ហូបអាហារផ្សេងៗ ការជូនភ្ញៀវ ហើយយើងឃើញថាអត្ថប្រយោជន៍ក្រៅពីអនុផលព្រៃឈើដូចជា ផ្តៅ ឃ្មុំ ផ្សិត គឺវិស័យទេសចរណ៍គឺជាផ្នែកមួយសំខាន់សំរាប់បង្កើនជីវភាពរបស់ពួកគាត់ » ។

លោកបានបន្ថែមថា តំបន់ការពារធម្មជាតិអូរកាសៀប នេះភ្ញៀវទេសចរអាចមកទស្សនា និងស្តាប់សំនៀងដ៏ពីរោះរណ្តំរបស់សត្វទោចថ្ពាល់លឿងដែលជាសត្វដ៏កម្រ និងមើលសត្វជាច្រើនទៀត ហើយសត្វទោចថ្ពាល់លឿងវាចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ ចិញ្ចឹមជីវិតដោយស៊ីស្លឹកឈើ និងផ្លែឈើជាចំណីអាហារ និងតែងតែបញ្ចេញសំឡេងឆ្លើយឆ្លងគ្នាបង្កើតជាចម្រៀងយ៉ាងគ្រលួចនាពេលព្រឹកព្រលឹម ។

សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិអូរកាសៀប ស្ថិតនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង មានផ្ទៃដីសរុបទំហំ ១,៦៦៨ហិកតា ដែលស្ថិតនៅភូមិកងណក ភូមិអ៊ីទូប និងភូមិបាក់កែ ឃុំវើនសៃ ខេត្តរតនគិរី ៕

ប្រភព៖ក្រសួងព័ត៌មាន