កម្មករ កម្មការិនី និងអ្នកវិនិយោគ ចំនួន ២១,០៨៦នាក់ បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃនេះ

347

ដោយបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកោះកុង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅ ក្នុងនោះក៏មាន កម្មករ កម្មការិនី និយោជិត ផងដែរ។ ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ បានដំណើរការចាក់ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មកម្ល៉េះ នៅក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល។ដោយឡែក នៅព្រឹកនេះ បានបើកដំណើរការចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី និយោជិត និងវិស័យឯកជន ចំនួន២១,០៨៦នាក់  នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់ញូញៀន និងវិស័យឯកជនមួយចំនួនទៀត។

អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតំបន់សេដ្ឋពិសេសកោះកុង នៅថ្ងៃនេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៊ុន លើត ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

សូមជម្រាបផងដែរថា ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅ និងដំណើរការចំនួន០៥ស្រុកទៀត គឺស្រុកមណ្ឌលសីមា ស្រុកកោះកុង ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងស្រុកថ្មបាំង៕

ប្រភព៖ក្រសួងព័ត៌មាន