ផ្លូវជាតិលេខ៣ទោះពិនិត្យឃើញថាសាងសង់តាមបច្ចេកទេសក៏ដោយ តែត្រូវដាក់ឱ្យប្រើប្រាស់រយៈពេល១ ឆ្នាំសិន បើគ្មានបញ្ហាទើបទទួលយកបាន

257

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិលេខ ៣ ទោះពិនិត្យឃើញថា ការ សាងសង់ត្រូវតាមបច្ចេកទេសត្រឹមត្រូវក៏ដោយ តែត្រូវដាក់ឱ្យប្រើប្រាស់រយៈពេល១ឆ្នាំសិន បើគ្មានបញ្ហា ទើបស៊ីញ៉េទទួលយក ខណៈដែលគិតមកដល់ពេលនេះ សម្រេចបាន៩៨ភាគរយហើយ គឺមានគុណភាពល្អ និងធ្វើរួច រាល់លឿនផងដែរ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការនិងដឹកជញ្ជូន បាន មានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ គិតមកដល់ពេលនេះ សម្រេចបាន៩៨ភាគរយហើយ ដែលបានបញ្ចប់មុនផែនការរហូត ដល់ទៅមួយឆ្នាំ ដោយគម្រោងគឺនឹងបញ្ចប់នៅឆ្នាំ២០២២ឯណោះ ។

ឯកឧត្តមបានបន្តថា នៅពេលដែលការពង្រីក និងលើកកម្រិតគុណភាព (ពីDBSTទៅAC) លើកំណាត់ផ្លូវជាតិលេខ៣នេះ ចប់សព្វគ្រប់ហើយនោះ គឺក្រសួងមិនទាន់ចុះហត្ថលេខាទទួលស្គាល់គុណភាពផ្លូវនេះនៅឡើយទេ គឺត្រូវដាក់ឱ្យប្រជាពលរដ្ឋដំណើរការលើផ្លូវនេះ រយៈពេល១ឆ្នាំសិន ដើម្បីតាមដានពីគុណភាពផ្លូវនេះ ។

«នៅពេលនេះគឺយើងមិនទាន់ទទួលទេ នៅពេលដែលចប់សព្វគ្រប់គឺយើងទុកសុពលភាពរយៈពេលមួយឆ្នាំ មួយឆ្នាំក្រោយទៀតគឺយើងមកពិនិត្យ ថាតើយើងទទួលបានឬមិនបាន ? ហើយបើទទួលបាន គឺយើងចុះហត្ថលេខាទទួលយកផ្លូវនេះ ដូច្នេះក្នុងរយៈពេលមួយឆ្នាំគឺអត់ទទួលទេ ឱ្យដំណើរការតាមដានលើគុណភាពផ្លូវនេះសិន » ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមទៀតថា ផ្លូវជាតិលេខ ៣នឹងដាក់ជញ្ជីងថ្លឹងរថយន្តចំនួន២កន្លែង និងមានត្រៀមដាក់ជញ្ជីងបង្កប់ក្រោមដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់រថយន្តដឹកទំនិញលើសទម្ងន់ ដែលជាមូល ហេតុធ្វើឱ្យផ្លូវខូចនោះ ។ ម្យ៉ាងវិញទៀត ដោយសារមានក្រុមហ៊ុនមួយចំនួនចង់តែចំ ណេញ មិនគិតជួយថែទាំសម្បត្តិរបស់ជាតិ ដោយប្រឹងដឹកទំនិញលើសទម្ងន់កំណត់ ។

សូមបញ្ជាក់ថា ការពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) លើកំណាត់ ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុប១៣៥គីឡូម៉ែត្រ ដោយក្នុងនោះប្រវែង៦៩ គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគូស មានទទឹង ២៤,៥ម៉ែត្រ ត្រូវសាងសង់ជាផ្លូវ៤គន្លង ដោយ២គន្លងទៅនិង២គន្លងមក មានសួនច្បារកណ្តាល និងចាប់ពីបែកគូសដល់ទីរួមខេត្តកំពត មានប្រវែងជាង៦៥គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ២គន្លង គឺ១គន្លងទៅនិង១គន្លងមក ទទឹងផ្លូវ១២ម៉ែត្រ និងក្រាលបេតុងកៅស៊ូ AC កម្រាស់៧០មីលីម៉ែត្រ ៕

ប្រភព៖ ក្រសួងព័ត៌មាន