អង់គ្លេសបញ្ជាក់ពីជំហរជួយកម្ពុជាលើវិស័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិ

273

ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានគូសបញ្ជាក់ពីកិច្ចសហ ប្រតិបត្តិការល្អ មិត្តភាព និងភាពជាដៃគូជាមួយកម្ពុជា និងបានអបអរសាទរចំពោះដំណើរការអភិវឌ្ឍដែលកម្ពុជាសម្រេចបាន និងលើកឡើងថា តើចក្រភពអង់គ្លេសអាចនឹងជួយអ្វីកម្ពុជាបន្ថែមទៀត ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ ដើម្បីធ្វើឱ្យកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខទៀត។

ថ្លែងក្នុងជំនួបពិភាក្សាជា មួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ច មកកាន់កម្ពុជា រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសរូបនេះ បានបញ្ជាក់ថា ការអញ្ជើញមកប្រទេសកម្ពុជារបស់ឯកឧត្តម គឺដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រទេសកម្ពុជា និងជួយប្រទេសកម្ពុជា ដើម្បីឱ្យមាន ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំ ពាក្យក្រសួងបរិស្ថាននៅក្រោយជំនួប។

ឯកឧត្តម នេត្រ ភក្ត្រា បាន ឱ្យដឹងបន្ថែមថា នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង បរិស្ថាន និងរដ្ឋមន្ត្រីការបរទេ សកំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានគូស បញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងនាមជាមិត្តភក្តិ និងដៃគូ ដោយក្នុងនោះបានលើកឡើងពីប្រធាន បទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែ ប្រួលអាកាសធាតុ និងការ ចូលរួមរបស់កម្ពុជាក្នុងកិច្ច ប្រជុំCOP26 ស្តីពីការប្រែ ប្រួលអាកាសធាតុ និងកិច្ចការអាទិភាពនានា ដែលប្រទេសទាំងពីរនឹងធ្វើរួមគ្នា ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃឆ្លងដែន និងការប្រើប្រាស់ថាមពលកកើតឡើងវិញ ជាដើម។

ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនរដ្ឋមន្ត្រីអង់ គ្លេសថា អ្វីដែលចក្រភពអង់ គ្លេសអាចជួយកម្ពុជាបានក្នុងវិស័យបរិស្ថាន គឺការបណ្តុះ បណ្តាលធនធានមនុស្សក្នុងកិច្ចការបរិស្ថាន និងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជកម្ម និងទិញផលិតផលពីប្រទេសកម្ពុជា។ នៅក្នុងវិស័យបរិស្ថាន អង់ គ្លេសអាចទិញឥណទានកាបូន ហើយថវិកានោះ នឹងត្រូវប្រើប្រាស់ ដើម្បីបម្រើឱ្យការអភិរក្សព្រៃឈើនិងសត្វ ព្រៃ និងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន តាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ ប្រជាពល រដ្ឋ។

ចំពោះបំណងប្រាថ្នានេះ ឯកឧត្តម ដូមីនិក រ៉ាអាប់ បានសន្យាថា នឹងបញ្ជូនក្រុមបេសកកម្មជំនាញមកកម្ពុជា ដើម្បីសិក្សាពីតម្រូវការរបស់កម្ពុជា ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន