សៀមរាប៖ អាជ្ញាធរជាតិអប្សរាបន្តជួសជុលកែលម្អកំណាត់ផ្លូវថ្នល់មួយចំនួនក្នុងរមណីយដ្ឋានអង្គរជាប្រចាំដើម្បីលើកកម្ពស់សោភ័ណ ភាព និងផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជា ពលរដ្ឋនិងភ្ញៀវទេសចរគ្រប់ រូប ខណៈគម្រោងខ្លះត្រូវបានបញ្ចប់រួចរាល់និងខ្លះទៀតកំពុងចាប់ផ្តើមអនុវត្ត ។
លោកឡុង កុសល អគ្គនាយករងនិងជាអ្នកនាំ ពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរាតែងតែទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល មកធ្វើការជួសជុលនិងកែលម្អប្រាង្គប្រាសាទ និងផ្លូវថ្នល់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទេសចរដែលមកលេងកម្សាន្តនៅតំបន់អង្គរ។ លោកបន្តថា ជាក់ស្តែងថ្មីៗនេះ កំណាត់ផ្លូវថ្នល់សំខាន់ៗមួយ ចំនួន នៅក្នុងតំបន់វង់តូច និងវង់ធំនៃរមណីយដ្ឋានអង្គរ ត្រូវបានបញ្ចប់ការជួសជុលកែលម្អសោភ័ណភាពរួចរាល់ទាំងស្រុង ដូចជា៖ការអ៊ុតកៅស៊ូផ្លូវវង់ធំ ចាប់ពីមុខប្រាសាទប្រែរូប រហូតដល់ប្រាសាទមេបុណ្យខាងកើតមានប្រវែង១៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC ទី២-ការអ៊ុតកៅស៊ូផ្លូវជុំវិញប្រាសាទបាយ័ន ប្រវែង១,០២៤ម៉ែត្រ ទទឹង ៥ទៅ៦ ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC និងទី៣-ការអ៊ុតកៅស៊ូផ្លូវពីខាងជើងប្រាសាទបាយ័ន ដោយវាងមុខព្រះលានជល់ដំរី ទៅដល់ខ្លោងទ្វារដីឆ្នាំងប្រវែង ១,៤២៧ ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ AC។
លោកបន្តថា គម្រោងជួស ជុលផ្លូវថ្នល់ដែលបានរងការ ខូចខាតទាំងនោះ ក្នុងគោល បំណងលើកតម្លៃតំបន់រមណី យដ្ឋានអង្គរ ឱ្យមានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ និងសម្រួលដល់ការធ្វើដំណើរទៅមករបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្ទាល់។
រាល់កិច្ចការងារដែលអាជ្ញាធរជាតិអប្សរាអនុវត្តស្ថិតនៅក្នុងកញ្ចប់ថវិកាជាតិ ប្រចាំឆ្នាំយើងតែងទទួលបានថវិកាពីរាជរដ្ឋាភិបាល ដើម្បីអនុវត្តការងារអទិភាព អ៊ីចឹងអាហ្នឹងជាផ្នែកមួយនៃការងារអាទិភាពរបស់យើង ជារៀង រាល់ឆ្នាំយើងតែងតែរៀបចំផែនការសកម្មភាពរបស់យើង វាពាក់ព័ន្ធនឹងការងារមួយចំនួន ដូចជាការជួសជុលប្រាង្គប្រាសាទការថែទាំអ្វីៗ រួមគ្នានិងបញ្ហាផ្លូវហ្នឹងដែរ យើងត្រូវដឹងថាទីកន្លែងហ្នឹងជាកន្លែងភ្ញៀវទេសចរចេញចូលច្រើន អ៊ីចឹងយើងចាំបាច់ត្រូវធានាឱ្យបាននូវគុណភាព ផ្លូវថ្នល់ឱ្យជាក់ លាក់ ដើម្បីបង្កើតអនុស្សា វរីយ៍ល្អសម្រាប់ភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋនៅជិតនោះធ្វើដំណើរបានដោយសុវត្ថិភាព។
លោកឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងទៀតថា ក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរា ក៏កំពុងអ៊ុតបេតុងកៅស៊ូ AC កែលម្អកំណាត់ផ្លូវផ្សេងៗ ទៀត ក្នុងតំបន់អង្គរជាបន្តបន្ទាប់ ឱ្យរួចរាល់រួចរាល់មុនដំណាច់ឆ្នាំ ២០២១នេះ ដើម្បីលើក កម្ពស់សោភ័ណភាព និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ ជាពិសេសក្រោយវិបត្តិជំងឺកូវីដ១៩បានបញ្ចប់។
សូមបញ្ជាក់ថា គម្រោងជួសជុលផ្លូវក្នុងតំបន់រមណីយ ដ្ឋានអង្គរនេះ គឺជាគម្រោងផ្ទាល់របស់អាជ្ញាធរជាតិអប្សរា ដែលទទួលបានថវិកាពីថ្នាក់ជាតិ មិនស្ថិតនៅក្នុងគម្រោងជួសជុលផ្លូវទាំង ៣៨ខ្សែនោះឡើយ៕
ប្រភព៖ ក្រសួងព័ត៌មាន