ខេត្តបាត់ដំបងបង្កើតទីលានកប់សំរាមដែលមានទំហំដី ២១ហិកតា

292

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ ដំបងបានបង្កើតទីលានកប់សំរាមទំហំដី ២១ហិកតា ដើម្បីការពារ ឬកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ជាពិសេសការបំពុលទឹកលើដី ទឹកក្រោមដី ក្នុងខ្យល់អាកាស នាំឱ្យខូចសុខភាពមនុស្ស និងសត្វ។

លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាប្រធានអង្គភាពអនុវត្តគម្រោង (PIU) បានមាន ប្រសាសន៍ថា គម្រោងសាង សង់ទីលានកប់សំរាមនេះ សម្រេចបាន៧ភាគរយហើយ ក្រោមការខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការនិងអាជ្ញាធរខេត្ត ក្រោមឥណ ទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោកស្រីបន្តថា គម្រោងសាងសង់ទីលានកប់សំរាមនេះ គឺធ្វើឡើងជាលក្ខណៈបច្ចេកទេស មានសមត្ថភាពខ្ពស់ក្នុងការផ្ទុក ការកែច្នៃសំរាម អាចការពារ ឬកាត់ បន្ថយផលប៉ះពាល់បាន ដែលកើតមាននៅក្នុងខ្យល់បំពុលដល់បរិស្ថាន។

សំឡេង៖ “ គេអត់ហៅថាទីលានចាក់សំរាមទេ ដោយ សារទីលាននេះគឺធ្វើតាមលក្ខណៈបច្ចេកទេស គេប្រើពាក្យថាទីលានកប់សំរាម មានទំហំដី ២១ហិកតា យើងកំពុងតែអនុវត្តហើយបាន ៧ ភាគរយ នៅក្នុងនោះ គេ design ចែកជាស្រទាប់ៗ សម្រាប់ចាក់សំរាម គេមានក្រាលដីឥដ្ឋ មិនឱ្យជ្រាបទឹកកខ្វក់ទៅក្រោមដីនោះទេ ហើយមានក្រាលកៅស៊ូ មិនឱ្យជ្រាបទឹកកខ្វក់នឹងទេ គេចាក់សំរាមហើយ គេកិន កិនដល់កម្ពស់ណាមួយ គេចាក់ដីឥដ្ឋ គ្របពីលើ រួចហើយ គេចាក់មួយស្រទាប់ទៀត អ៊ីចឹងសំរាមហ្នឹង អត់អាចហើរពាស វាលពាសកាលបានទេ ពេលឡានសំរាមចូលមកដល់ គេថ្លឹង ថ្លឹងហើយចូលទៅដល់ គេញែកសំរាម បែងចែកសំរាមគឺមានសំរាមណាដែលអាចយកទៅជាអេតចាយបាន និងសំរាមប្រភេទណាទៅសំណល់សរីរាង្គ អាចធ្វើជាជីកំប៉ុសបាន។

លោកស្រីបន្ថែមថា ក្នុងគម្រោងមន្ទីរសាធារណការ មានរៀបចំប្រព័ន្ធលូ នៅជុំវិញទីលានកប់សំរាម សម្រាប់ប្រែក្លាយទឹកកខ្វក់ ដែលចេញពីសំរាម ក្រោយពីកិន ឱ្យក្លាយទៅជាទឹកស្អាត ទុកសម្រាប់បាញ់ពន្លត់គំនរសំរាមនៅពេលដែលសំរាមឆេះ។ លោកស្រីបញ្ជាក់ថា ទៅថ្ងៃខាងមុខ ពេលដែលទីលានកប់សំរាមនេះសាងសង់រួច ហើយធ្វើការកប់សំរាម ដល់កម្ពស់ណាមួយតាមបច្ចេក ទេស បើតាមគម្រោងនឹងលុបដីពីលើទីលានចាក់សំរាម កែប្រែទៅជាសួនផ្កា ឬដាំជាដំណាំផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ក្នុងគម្រោងទីលានកប់សំរាមនៅខេត្តបាត់ ដំបងនេះ ធ្វើតាមលក្ខណៈបច្ចេកទេសស្ថិតនៅ ភូមិពយស្វាយ ឃុំតាគ្រៀង ស្រុកបាណន់ ខេត្តបាត់ដំបង មានចំងាយ២៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង៕

ប្រភព៖ ក្រសួងព័ត៌មាន