មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នឹងក្លាយជាមណ្ឌលព្យាបាលដ៏ទំនើបមួយនៅតំបន់ភូមិភាគឦសាន

255

MC ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នឹងក្លាយជាមណ្ឌលព្យាបាលដ៏ទំនើបនៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ ងាយស្រួលក្នុងការទទួលបានសេវាព្យាបាល មានភាពរហ័សនិងទាន់ពេលវេលា ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គ.វ.ក-១៩ បានមានប្រសាសន៍ថា ការកសាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងតំបន់ នៅពេលដែលមន្ទីរពេទ្យនេះ សាងសង់រួចរាល់ នាចុងឆ្នាំ២០២១ខាងមុខ ។ លោកជំទាវ បានបន្តថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ មានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ ស្របតាមស្តង់ដារបច្ចេកទេស ផ្តោតទៅលើប្រភេទជំងឺធ្ងន់ធ្ងរ ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ នៅប៉ែកឦសាននៃប្រទេសកម្ពុជា ដែលរួមមាន ខេត្តមណ្ឌលគីរី ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តក្រចេះជាដើម ។

« ការដែលសាងសង់នេះជាការជួយឧបត្ថម្ភពីសាធារណរដ្ឋប្រជាមានិតចិន គឺការសាងសង់នូវមន្ទីរពេទ្យដ៏ធំមួយក្នុងខេត្តត្បូងឃ្មុំ គឺជាការចូលរួមចំណែកធំណាស់ ហើយជាពិសេសនៅក្នុងបរិបទដែល យើងកំពុងតែមានការរាតត្បាតនៃជំងឺកូវីដ១៩ ។នៅពេលដែលមន្ទីរពេទ្យនេះសាងសង់រួចរាល់មន្ទីរពេទ្យនេះ នឹងក្លាយទៅជាមន្ទីពេទ្យតំបន់ភូមិភាគតែម្ដង ដែលអាចជួយព្យាបាលទៅតាមបច្ចេកវិទ្យាមួយ ដែលយើងអាចទទួល យកបាន ហើយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ នៅខេត្តក្រចេះ ខេត្តមណ្ឌលគិរី នៅខាងរតនៈគិរី ក៏ដូចជានៅខាងខេត្តស្ទឹងត្រែង ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ក៏គាត់អាចស្វែងរកនូវសេវាព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះ »។

សូមបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ តាមរយៈជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលសាងសង់លើផ្ទៃដីចំនួន ២៤ ៣០០ម៉ែត្រក្រឡា ផ្ទៃអគារសរុបចំនួន៥៥,៨១៥ម៉ែត្រក្រឡា មានបន្ទប់អ្នកជំងឺសរុប៣០០បន្ទប់ និងមានតម្លៃប្រមាណ៥០លានដុល្លារអាមេរិក ៕

ប្រភព៖ ក្រសួងព័ត៌មាន