ក្រុមអភិរក្សសត្វស្លាបកម្ពុជាបន្តចុះអប់រំផ្សព្វផ្សាយច្បាប់ទាក់ទងទៅនឹងបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ

236

តាកែវ៖ មន្ត្រីឧទ្យានុរក្សរបស់អង្គការជីវិតសត្វស្លាបកម្ពុជា បាន ចុះអប់រំផ្សព្វផ្សាយពីច្បាប់ទាក់ទងទៅនឹងបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ក្នុងគោលដៅបង្កើនកិច្ចការពារធនធានធម្មជាតិ និងជីវៈចម្រុះឱ្យនៅគង់វង្ស ។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សបានធ្វើការចុះអប់រំផ្សព្វផ្សាយពីច្បាប់ទាក់ទងទៅនឹងបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជូនប្រជាពលរដ្ឋតាមបណ្តា ភូមិពាក់ព័ន្ធ និង រស់នៅជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្ត ស្រុកបូរីជលសារ ខេត្តតាកែវ ក្នុងគោលដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីសារសំខាន់នៃការអភិរក្សធនធានធម្មជាតិ។ លោកបានបន្តថា ការអប់រំផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងដោយការចាក់ជាសំឡេងចំនួន៤ភូមិ គឺភូមិបន្ទាយស្លឹក ភូមិដីលើក ភូមិក្តុលជ្រុំ និងភូមិសង្គមមានជ័យតាមផ្លូវទឹក ពោលគឺសារ បានផ្តោតលើផលប៉ះពាល់ទៅលើប្រព័ន្ធជីវៈចម្រុះក្នុងតំបន់ការពារ ដែលបណ្តាលមកពី ការឈូសឆាយ រុករានទន្រ្ទានដី ការដុតបំផ្លាញព្រៃលិចទឹក ការប្រើឧបករណ៍នេសាទខុសច្បាប់ ការវាយលប់ចាប់សត្វ ការដាក់ថ្នាំបំពុលសត្វ និងការប្រមូលយកពងកូនជាដើម។

«អ៊ីចឹងបានយើងរៀបចំជាសារសំឡេងចាក់ផ្សាយនៅតាមភូមិសំខាន់ៗដែលនៅជុំវិញហ្នឹងគោលបំណងដែលយើងចាក់ផ្សាយនេះគឺទីមួយបង្កើនការយល់ដឹងអំពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិឲ្យគាត់យល់អំពីផលលំបាកនៃអំពើល្មើសច្បាប់មួយចំនួនប៉ះពាល់ទៅដល់តំបន់ដីសើមរបស់សត្វក្រៀលទីតាំងនៅបឹងព្រែកល្ពៅហ្នឹង។មួយវិញទៀតគោលបំណងបង្កើនចំណេះដឹងទៅដល់សហគមន៍មូលដ្ឋានជាពិសេស

ឲ្យយល់ពីផលលំបាកនៃបទល្មើសដែលបង្កឡើងនៅតំបន់ហ្នឹង ហើយយើងក៏ចង់ឲ្យគាត់ចូលរួមក្នុងការកាត់បន្ថយនូវបទល្មើសនៅហ្នឹងដែរឧទាហរណ៍ដូចជាការទន្រ្ទានយកដី ការនេសាទខុចច្បាប់អ៊ីចឹងឲ្យគាត់យល់ភ្ញាក់រលឹកកុំឲ្យប្រព្រឹត្តបទល្មើសទាំងអស់ហ្នឹង»។

លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ និងមន្រ្តីពាក់ព័ន្ធ ក៏ដូចជាប្រជាសហគមន៍ ត្រូវបន្តចូលរួមក្នុងសកម្មភាពអភិរក្ស ព្រមទាំងអាចកាត់បន្ថយការគំរាមកំហែងនានា ចំពោះសត្វស្លាបរបស់យើងដែលជិតផុតពូជ ដើម្បីឲ្យវានៅគង់វង្ស នៅក្នុងតំបន់ទេសភាពបឹងព្រែកល្ពៅនេះ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលមានផ្ទៃដីទំហំ ៨ ៣០៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកបូរីជលសា និងស្រុកកោះអណ្តែតខេត្តតាកែវ ហើយតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពលដែលសម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទរស់នៅទីនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន