សិង្ហបុរី៖ ការស្នាក់នៅតែក្នុងផ្ទះត្រូវបានកាត់បន្ថយរយៈពេលសម្រាប់អ្នកធ្វើដំណើរមកពីតំបន់ដែលមានហានិភ័យខ្ពស់

283

ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរីបាននិយាយថា អ្នកធ្វើដំណើរថ្មីទាំងអស់ដែលមានប្រវត្តិធ្វើដំណើរថ្មីៗក្នុងរយៈពេល ២១ថ្ងៃទៅកាន់ប្រទេស / តំបន់ដែលមានហានិភ័យខ្ពស់មុនពេលមកដល់ប្រទេសសិង្ហបុរី នឹងមានការជូនដំណឹងអំពីការកាត់បន្ថយរយៈពេលនៃការស្នាក់នៅតែក្នុងផ្ទះរបស់ពួកគេ (SHN) ពី ២១ថ្ងៃមកត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ២៣ ខែមិថុនាតទៅ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងនោះដែលបានចេញផ្សាយកាលពីថ្ងៃទី ២៣ ខែមិថុនា ក្រុមអ្នកដំណើរទាំងនោះនឹងត្រូវធ្វើតេស្ត PCR សម្រាប់ជំងឺកូវីដ-១៩ នៅពេលមកដល់ និងនៅថ្ងៃទី ១៤ នៃការមកដល់របស់ពួកគេ។ ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការធ្វើ SHN របស់ពួកគេដរាបណាពួកគេមានលទ្ធផលអវិជ្ជមានសម្រាប់ការធ្វើតេស្ត PCR នៅថ្ងៃទី ១៤ នៃការមកដល់។

បន្ថែមពីលើការនិយាយពាក់ព័ន្ធនឹងការធ្វើតេស្តខាងលើនេះ អ្នកធ្វើដំណើរទាំងអស់ដែលត្រូវធ្វើ SHN នៅកន្លែង SHN ដែលបានរៀបចំនឹងត្រូវឆ្លងកាត់ការធ្វើតេស្ដដោយខ្លួនឯង ART ជាលើកទីបី នៅថ្ងៃទី ៧ និងថ្ងៃទី ១១ បន្ទាប់ពីបានទៅដល់ប្រទេសសិង្ហបុរី។ តម្រូវការថ្មីនេះនឹងត្រូវអនុវត្តសម្រាប់ការមកដល់ថ្មីចាប់ពីថ្ងៃទី ២៧ ខែមិថុនា។

សេចក្តីរាយការណ៍បាននិយាយបន្ថែមថា ចាប់តាំងពីមានការតម្រូវឱ្យធ្វើ SHN រយៈពេល ២១ថ្ងៃសម្រាប់អ្នកធ្វើដំណើរទាំងអស់ដែលមានប្រវត្តិធ្វើដំណើរថ្មីៗទៅកាន់ប្រទេស ឬតំបន់ដែលមានហានិភ័យខ្ពស់ត្រូវបានអនុវត្តចាប់ពីថ្ងៃទី ៨ ខែឧសភាមក មានករណីឆ្លងនាំចូលចំនួន ២៧០នាក់ក្នុងចំណោមអ្នកធ្វើដំណើរបែបនេះគិតត្រឹមថ្ងៃទី ២២ ខែមិថុនា។

ប្រទេសសិង្ហបុរីក៏ត្រៀមនឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Comirnaty ដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech ខណៈដែលមានការបង្កើនការផ្គត់ផ្គង់ដើម្បីធ្វើឱ្យប្រជាជនជាច្រើនទទួលបានការចាក់វ៉ាក់សាំង៕

ប្រភព៖ ក្រសួងព័ត៌មាន