ប្រធានគណៈកម្មការផ្សារធំៗរបស់រដ្ឋ ជាច្រើនផ្សារ បានបញ្ជាក់ថា ផ្សាររដ្ឋជាច្រើនបានឈានទៅរកភាពប្រក្រតីឡើងវិញ ជាបណ្តើរៗហើយ ជាមួយនឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល បានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ។
ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម បានមានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ថា ផ្សារទួលទំពូងនៅពេលនេះការបើកលក់ដូរ បានប្រមាណពី ៨៥ ទៅ៩០ភាគរយ និងមានអតិថិជនចូលទិញដូរប្រហែលពី៦០ ទៅ៧៩ ភាគរយប៉ុណ្ណោះ ។
គណ:កម្មការផ្សារបានចុះត្រួតពិនិត្យតាមតូប និងអតិថិជនចូលផ្សារ មានដាក់ម៉ាស៊ីនវាស់កម្ដៅ ម៉ាស៊ីន បាញ់អាល់កុល និងការចែកម៉ាសជាប្រចាំ ហើយអាជីវករក៏ដូចជាអតិថិជនចេញ-ចូលផ្សារដែរចូលរួមគោរពតាមវិធានការសុខាភិបាល ប្រមាណមួយរយភាគរយ។
ប្រធានផ្សារបន្លែច្បារអំពៅ លោក សាន់ ប៊ុណ្ណា និងលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅផ្សារច្បារអំពៅ បានឱ្យដឹងថា ទាំងផ្សារបន្លែ និងផ្សារធម្មតា មានអាជីវករ មកលក់ ៨០ភាគរយហើយ នៅ២០ភាគរយ ជាអ្នកលក់មកពីតាមខេត្ត លក់នៅក្រៅផ្សារ ។ លោកសង្ឃឹមថា នឹងបាន១០០ភាគរយ នៅពេលដែលអាជ្ញាធរហាមមិនឱ្យលក់នៅតាមផ្លូវសាធារណ: និងផ្លូវព្រែកបារាំង ម្តុំវត្តច្បារអំពៅ ។ ក្នុងផ្សារច្បារអំពៅនេះ មានភាពទូលាយជាងមុនដោយសារគណ:កម្មការផ្សារ អាជ្ញាធរខណ្ឌ និងសាលារាជធានីភ្នំពេញ សហការគ្នាធ្វើឱ្យមានសណ្តាប់ធ្នាប់ល្អ និងអ្នកលក់ដូរមិនមានការចង្អៀត អាចលក់ដូរបានដោយស្រួល និងអាចជិះម៉ូតូចូលក្នុងផ្សារបាន ។ ចំណែកការចូលមកលក់ដូររបស់អាជីវករវិញ គឺយើងបានរៀប ចំឱ្យមានរបៀបរៀបរយឱ្យពួកគាត់លក់ ដូរ តាមរបៀបគម្លាតសុវត្ថិភាព នៃវិធានការរបស់ក្រសួងសុខាភិបាល ផងដែរ ។
លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង ក៏បានឱ្យដឹងផងដែរថា ផ្សារបឹង កេងកង មកដល់ថ្ងៃនេះអាជីវករចូលលក់ដូរ ប្រមាណ៧៥ភាគរយ គ្រប់មុខរបរទាំងអស់ ដោយអតិថិជនចូលផ្សារមានប្រហែលពី៣០០ ទៅ៤០០នាក់ ដោយបើកច្រកចំនួន ៨ច្រកទ្វារ ដោយសារយើងរឹតបន្តឹងក្នុងការចេញ-ចូល និងអនុវត្តន៍វិធានការសុខាភិបាល នៅតាមមាត់ច្រកមាន ម៉ាស៊ីនវាស់កម្ដៅ និងម៉ាស៊ីនបាញ់អាល់កុល ស្វ័យប្រវត្តិ ។ ដាក់កម្លាំងឱ្យអ្នកចូលផ្សារត្រូវស្កែនជាប្រចាំ ។
សម្រាប់សន្តិសុខនៅខាងក្នុងផ្សារវិញ បានណែនាំតាមម៉េក្រូ ឱ្យអ្នកលក់ដូរ និងអ្នកទិញត្រូវរក្សាគម្លាតជាប្រចាំ និងមានម៉េក្រូ ៦គ្រឿងទៀតចាក់ជាប្រចាំទាំងព្រឹកទាំងល្ងាច នូវវិធានការរបស់សម្តេចតេជោ គឺ ៣កុំ ៣ការពារ និងមានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទ្វារចេញ-ចូលទាំង៨ ដែលយើងបានបើក គឺរៀងរាល់ពីរម៉ោងម្តង ហើយពេលល្ងាចដែលអាជីវករចាកចេញ គឺត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំរាល់ថ្ងៃ។
ដោយឡែកលោកស្រី ប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី បានលើកឡើងថាសម្រាប់ផ្សារថ្មីថ្ងៃនេះអាជីវករបានបើកតូបលក់៤៥ភាគរយ យើងបាញ់អាល់កុលដល់ប្រជាពលរដ្ឋតាមច្រកចេញ-ចូល ស្គេន QR Code ១២ច្រក ប្រើប្រាស់ម៉ាស៊ីនវាស់កម្ដៅ ចំនួន ២៤ ។
អាជីវករលក់ដូរក្នុងផ្សារ និងអ្នកចូលផ្សារពាក់ម៉ាស ១០០ភាគរយ យើងបានដាក់ម៉ាសសម្រាប់ចែកជូន មិនមានអ្នកមកសុំទេទោះបីដាក់ម៉ាសទុកឱ្យប្រើនៅតាមច្រកចេញ-ចូលផ្សារក៏ដោយ ។ អតិថិជនមានការកើនឡើង ពីមុនមានជាង ១.០០០នាក់ ឥឡូវកើនជាង ២.០០០នាក់ ។ បងប្អូនមានការសប្បាយចិត្តដែលបើកផ្សារឱ្យគាត់លក់ដូរឡើងវិញ ពេលដែលពួកគាត់បានលក់ដូរទៅមានការសម្រួលដល់ការដោះស្រាយជីវភាព ។ ទោះបីយ៉ាងណាក៏នូវមានការព្រួយបារម្ភពីជំងឺកូវីដ-១៩ នូវឡើយ ។ ក្នុងនោះពួកគាត់មានការសម្អាតដៃជាប់ជាមួយអាល់កុល និងទឹកដែលដាក់ឱ្យលាងនៅតាមច្រកនីមួយៗ ។ មិនតែប៉ុណ្ណោះពួកគាត់បានយកទឹកមកទុកលាងសម្អាតដៃដល់តូបរបស់គាត់ទៀតផង។
ចំណែកលោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់ឱ្យដឹងថា ផ្សារអូរឬស្សី មានការបើកលក់ដូរបានចំនួន ២.៥៧១តូប ក្នុងចំណោម ៦.២១១តូប ស្មើនឹង ៦៥អគារ ស្មើនឹង ៤០ភាគរយ និងមានភ្ញៀវចេញ-ចូលធម្មតា ជិត១.០០០នាក់ ។
សូមបញ្ជាក់ថា បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១កន្លងមក បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ត្រូវអនុវត្តន៍វិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ៕
ប្រភព៖ ក្រសួងព័ត៌មាន