ប្រទេសថៃមើលឃើញនូវកំណត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃច្រើនបំផុតដោយសារជំងឺកូវីដ-១៩

310

កាលពីថ្ងៃទី ២៣ ខែមិថុនា ក្រសួងសុខាភិបាលនៃប្រទេសថៃបានប្រកាសថា ប្រទេសថៃបានឃើញនូវកំណត់ត្រានៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៥១នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមានដល់ទៅ ១ ៧៧៤នាក់។

ទន្ទឹមនឹងនេះដែរ ករណីឆ្លងថ្មីមានចំនួន ៣ ១៧៤នាក់ដែលត្រូវបានរកឃើញនៅក្នុងថ្ងៃនោះ ដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសកើនឡើងដល់ ២២៨ ៥៣៩នាក់។ ចាប់តាំងពីមានរលកផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះបានចាប់ផ្តើមកាលពីដើមខែមេសាមក ប្រទេសថៃមានអ្នកឆ្លងចំនួន ១៩៩ ៦៧៦នាក់ និង ១ ៦៥០នាក់បានស្លាប់។

អាជ្ញាធរសុខាភិបាលបាននិយាយថា ទន្ទឹមនឹងនេះដែរ គ្រែដែលត្រូវបានរៀបចំសម្រាប់អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ក្នុងទីក្រុងបាងកកឥឡូវនេះត្រូវបានប្រើប្រាស់ពេញអស់ហើយដោយអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ ខណៈដែលគ្រែចំនួន ២០ ត្រូវបានបម្រុងទុកសម្រាប់អ្នកជំងឺដែលត្រូវសង្រ្គោះបន្ទាន់។

លោកវេជ្ជបណ្ឌិត Somsak Akksilp អគ្គនាយកនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តបាននិយាយថា ក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ ការចូលទៅទទួលបានគ្រែសម្រាកព្យាបាលរបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យជាមួយនឹងឧបករណ៍សង្គ្រោះជីវិតត្រូវបានកម្រិតខ្លាំង។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុងបាងកក និងបណ្តាខេត្តនៅជុំវិញ បានបន្តកត់ត្រានូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួនជាង ១ ០០០នាក់ក្នុងមួយថ្ងៃ។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានបញ្ជាឱ្យក្រសួងសុខាភិបាលធានាថាមានគ្រែសម្រាកព្យាបាលគ្រប់គ្រាន់នៅតាមមន្ទីរពេទ្យសម្រាប់ផ្ទុកអ្នកជំងឺឆ្លងឱ្យបានមួយចំនួនធំ៕

ប្រភព៖ ក្រសួងព័ត៌មាន