លោក Nishimura Yasutoshi រដ្ឋមន្រ្តីជប៉ុនទទួលបន្ទុកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់កិច្ចចរចាភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការចូលជាសមាជិកភាព ក្នុងអំឡុងពេលនៃកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss ។
កិច្ចចរចាបានចាប់ផ្តើមកាលពីថ្ងៃទី ២២ ខែមិថុនា សម្រាប់ចក្រភពអង់គ្លេសដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP ខណៈដែលប្រទេសនេះមានគោលបំណងបង្កើនវត្តមានសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់បន្ទាប់ពីការដកខ្លួនចេញពីសហភាពអឺរ៉ុប។
លោក Nishimura បាននិយាយថា «ខ្ញុំបានត្រៀមខ្លួនចូលរួមយ៉ាងសកម្មជាមួយនីតិវិធីចុះឈ្មោះដោយចក្រភពអង់គ្លេស» ដើម្បីពង្រីកប្លុកពាណិជ្ជកម្មសេរីមួយនេះ។
សម្រាប់ភាគីចក្រភពអង់គ្លេស លោកស្រី Truss បាននិយាយថា តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកគឺជាឱកាសមួយដ៏ល្អបំផុតសម្រាប់ចក្រភពអង់គ្លេស ហើយសមាជិកភាពនៃកិច្ចព្រមព្រៀង CPTPP ត្រូវបានគេរំពឹងថានឹងជំរុញការនាំចេញផលិតផលសំខាន់ៗរបស់ចក្រភពអង់គ្លេស ដែលរួមមានរថយន្ត និងស្រាវីស្គីផងដែរ ដោយសារតែភាពអនុគ្រោះសម្រាប់ពន្ធគយ។
ជាមួយនឹងកិច្ចព្រមព្រៀង CPTPP ចក្រភពអង់គ្លេសសង្ឃឹមថានឹងបង្កើតជំហរគ្រប់គ្រាន់ក្នុងសកម្មភាពពាណិជ្ជកម្មពិភពលោកក្នុងនាមជាអ្នកនាំចេញទំនិញលំដាប់ខ្ពស់ និងសេវាកម្មជំនាញ។ ក្រៅពីនេះ កិច្ចព្រមព្រៀងនេះនឹងជួយពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទីក្រុងឡុងដ៏កំពុងធ្វើការ ឬបានចុះហត្ថលេខាជាមួយបណ្តាប្រទេសជាសមាជិក CPTPP ។
សមាជិករបស់កិច្ចព្រមព្រៀង CPTPP ជាច្រើនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយចក្រភពអង់គ្លេសរួចហើយ ដោយមន្រ្តីរូបនេះបាននិយាយថា វាហាក់ដូចជាមិនមានឧបសគ្គធំនៅក្នុងកិច្ចចរចារចូលជាសមាជិកភាពនៃកិច្ចព្រមព្រៀងមួយនេះឡើយ។
ប្រសិនបើការដាក់បញ្ចូលចក្រភពអង់គ្លេសទៅជាសមាជិកភាពបានជោគជ័យ វានឹងជួយបង្កើនចំណែកសេដ្ឋកិច្ចពិភពលោករបស់ TPP ឱ្យដល់ប្រមាណ ១៦ភាគរយ ពីចំនួន ១៣ភាគរយនាពេលបច្ចុប្បន្ននេះ៕
ប្រភព៖ ក្រសួងព័ត៌មាន