រដ្ឋបាលរាជធានីកំពុងកាយស្ដារ ប្រឡាយមេ២ ខ្សែ នៅអមសងខាងផ្លូវជាតិលេខ៤និងផ្លូវ រថភ្លើងដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា

299

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងកាយស្ដារប្រឡាយមេ២ ខ្សែ នៅអមសងខាងផ្លូវជាតិលេខ៤និងផ្លូវរថភ្លើង ហើយគ្រោងនឹងស្ថាបនាផ្លូវលើខ្នងប្រឡាយនេះបន្ថែមទៀត នៅខណ្ឌកំបូល និង ពោធិ៍សែនជ័យ ដើម្បីរំដោះជំនន់ទឹកជំនន់ ចៀសវាងឱ្យបាននូវការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ នារដូវវស្សានេះ និងដើម្បីរំដោះការកកស្ទះចរាចរណ៍ផងដែរ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ប្រឡាយមេពីរខ្សែនៅអមសងខាងផ្លូវ រថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រឡាយអូរលាវ គឺដើម្បីបើកមុខទឹកឱ្យហូរទៅកាន់បឹងទំនប់កប់ស្រូវ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។

 

លោកបន្តថា ការកាយស្តារប្រឡាយមេ១ខ្សែនៅខាងលិចផ្លូវរថភ្លើង យើងកាយស្ដារ ក្នុងទំហំមុខប្រឡាយ១២ម៉ែត្រនិងជម្រៅ រហូតដល់ទៅ៤ ម៉ែត្រ ចំណែកឯប្រឡាយនៅខាងកើតផ្លូវរថភ្លើងដែល យើងបាននឹងកំពុងកាយស្ដារនេះ មានទំហំមុខប្រឡាយ៦ ម៉ែត្រ និងជម្រៅ៤ ម៉ែត្រ។

លោកឱ្យដឹងទៀតថា ដើមឡើយទីនេះ ជាប្រឡាយមេចាស់ ប៉ុន្តែត្រូវបានគោករាក់ ដោយការចាក់ដី សំរាមហូរចូលនិងស្មៅដុះជាច្រើនឆ្នាំ រហូតដល់លុបបាត់ប្រឡាយទាំងមូលតែម្ដង និងធ្វើឱ្យទឹកមិនអាចហូរកាត់ទីនេះទៅកាន់បឹងទំនប់កប់ស្រូវបាន បង្កឱ្យមានការលិចលង់ ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋានបងប្អូនប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ នៅប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសក្នុង ទឹកដីខណ្ឌកំបូលនិងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យ។

លោកបញ្ជាក់ទៀតថា ក្រោយពីប្រឡាយមេទាំងពីរខ្សែនេះ ដំណើរការឡើងវិញ វានឹងមានតួនាទីរំដោះទឹកភ្លៀងហូរមកពីស្រុកអង្គស្នួល បែកចាន នៃខេត្តកណ្ដាល ខណ្ឌកំបូល និងពោធិសែនជ័យ។ បន្ថែមពីនោះ នៅក្នុងរដូវវស្សាឆ្នាំនេះ នឹងជួយកាត់បន្ថយបានយ៉ាងប្រសើរនូវការជន់លិចដោយជំនន់ទឹកភ្លៀងនាប៉ែកខាងលិចរាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នថ្នាក់ដឹកនាំនិងមន្ត្រីនៃរដ្ឋបាលខណ្ឌកំបូល ក្រៅពីមមាញឹកនឹងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងមូលដ្ឋាន ក៏បាននិងកំពុងមមាញឹក ក្នុងការស្ដារប្រឡាយលូសំខាន់ៗនៅក្នុងដែនដីរបស់ខ្លួន ក្នុងនោះមានប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ប្រឡាយអមសងខាងផ្លូវចូលទៅខណ្ឌកំបូល ប្រឡាយអូរខ្សាច់ និងលូ ប្រឡាយសំខាន់ៗមួយចំនួនទៀត ដើម្បីធានាបានថា នៅរដូវវស្សានេះ អាចជួយកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងបានប្រសើរជាងឆ្នាំកន្លងទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន