ប្រភពពីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ Wildlife Alliance Cambodia បានឱ្យដឹងនៅរសៀលថ្ងៃ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១ថា ខ្លួនបានទទួលអំណោយពីអាជ្ញាធរ ចម្រុះ បានចុះធ្វើការដកហូតយកសត្វតោឈ្មោលរស់មួយក្បាល ពីជនជាតិចិន ដែលបានចិញ្ចឹមដោយខុសច្បាប់ នៅក្នុងលំនៅឋានរបស់ខ្លួនជាងមួយឆ្នាំមកហើយ។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឱ្យដឹងថា «ចំពោះសត្វតោឈ្មោលមួយក្បាលនោះ នឹងធ្វើការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីចិញ្ចឹមបីបាច់បន្ត។ ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅធ្វើការណែនាំ ឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត»។
ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដឹកនាំផ្ទាល់ដោយលោក គាំ សីហា សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ ន្ធ មិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។
សូមបញ្ជាក់ថា សត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ឆៅប្រមាណ៦គីឡូក្រាម៕
ប្រភព៖ក្រសួងព័ត៌មាន