កិច្ចប្រជុំនិម្មិត្តមួយដែលមានការចូលរួមពីបណ្តាឯកអគ្គរដ្ឋទូតអាស៊ាន និងតំណាងការិយាល័យពាណិជ្ជកម្ម និងក្រុមហ៊ុននាំចូល និងនាំចេញចំនួន ៤០ មកពីរដ្ឋ Rio Grande do Sul នៅភាគខាងត្បូងប្រទេសប្រេស៊ីលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែមិថុនា។
វាជាផ្នែកមួយនៃសកម្មភាពរបស់គណៈកម្មាធិការអាស៊ាននៅប្រេស៊ីល ក្នុងគោលបំណងលើកកម្ពស់រូបភាព និងពាណិជ្ជកម្មរវាងប្លុកនៃតំបន់នេះ និងប្រទេសនៅអាមេរិកឡាទីនមួយនេះ។
រដ្ឋនៃប្រទេសប្រេស៊ីលមួយនេះមានប្រជាជនចំនួន ១២លាននាក់ និងមានភាពស្រដៀងគ្នាជាច្រើនជាមួយបណ្តាប្រទេសនៅអាស៊ានទាក់ទងនឹងរចនាសម្ព័ន្ធអាកាសធាតុ និងសេដ្ឋកិច្ច។
ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Thi Kim Hoa ប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅប្រេស៊ីលបានណែនាំអំពីវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងធុរកិច្ចអាស៊ាន និងប្រេស៊ីល ដែលរួមមានការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម និងសន្តិសុខស្បៀងអាហារ ការការពារជាតិ បច្ចេកវិទ្យា ការបង្ការអំពើជួញដូរមនុស្ស និងសុវត្ថិភាពដែនសមុទ្រ។
អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៣ របស់ប្រេស៊ីលកាលពីឆ្នាំមុន ដោយពាណិជ្ជកម្មទ្វេភាគីបានឈានដល់តម្លៃ ២១ប៊ីលានដុល្លារអាម៉េរិក។
ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រេស៊ីល លោក Ngo Xuan Ty ក៏បានជំរាបជូនដល់បណ្តាក្រុមហ៊ុនធុរកិច្ចប្រេស៊ីលអំពីសក្តានុពលវិនិយោគរបស់ប្រទេសនេះផងដែរ។
ស្ថិតិពីអគ្គនាយកដ្ឋានគយវៀតណាមបានបង្ហាញថា ពាណិជ្ជកម្មរវាងវៀតណាម និងប្រេស៊ីល បានកើនឡើងដល់តម្លៃ ២,៦៤ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២១ ពោល គឺកើនឡើងបាន ៦១ភាគរយក្នុងសន្ទស្សន៍ប្រចាំឆ្នាំ។
តាមរយៈតួលេខនេះ ប្រទេសវៀតណាមរកចំណូលបាន ៨៩៣,៥លានដុល្លារអាម៉េរិកពីការនាំចេញទៅកាន់ប្រេស៊ីល ដែលកើនឡើងបាន ៣០ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រភព៖ក្រសួងព័ត៌មាន