ប្រទេសជប៉ុនក្លាយជាប្រទេសទី៣ ដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP

362

ក្រសួងការបរទេសរបស់ប្រទេសជប៉ុនបាននិយាយថា ប្រទេសជប៉ុនបានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីថ្ងៃទី ២៥ ខែមិថុនា។

ប្រទេសជប៉ុនបានដាក់ឧបករណ៍ផ្តល់សច្ចាប័នរបស់ខ្លួនជាមួយលេខាធិការដ្ឋានអាស៊ាន ដែលធ្វើឱ្យប្រទេសនេះក្លាយជាសមាជិកទី ៣ ដែលធ្វើដូច្នេះ ដើម្បីឆ្ពោះទៅរកការអនុវត្តដែលអាចធ្វើទៅបាននៃកិច្ចព្រមព្រៀង RCEP ដែលមាន ១៥ប្រទេសចូលរួមគិតត្រឹមចុងឆ្នាំនេះ។

កិច្ចព្រមព្រៀងនេះនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ជប៉ុនដែលពាក់ព័ន្ធនឹងប្រទេសចិន និងកូរ៉េខាងត្បូង ដែលជាដៃគូពាណិជ្ជកម្មធំជាងគេ និងលំដាប់ទីបីរៀងៗខ្លួន។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន លោក Kajiyama Hiroshi បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា កិច្ចព្រមព្រៀងនេះ គឺដើម្បីពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងប្រទេសជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាមជ្ឈមណ្ឌលរីក​ចម្រើនមួយរបស់ពិភពលោក ហើយនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននៅពេលដែលវាចូលជាធរមាន។

រដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណកាលពីដើមឆ្នាំនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះអាចលើកផលិតផលក្នុងស្រុកសរុប​របស់ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅលើពិភពលោកមួយនេះឱ្យកើនឡើងបានប្រមាណជា ២,៧ភាគរយ។

កិច្ចព្រមព្រៀង RCEP ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១៥ កាលពីខែវិច្ឆិកាឆ្នាំមុន នឹងចូលជាធរមាននៅ ៦០ថ្ងៃបន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័នដោយសមាជិកអាស៊ានយ៉ាងហោចណាស់ចំនួន ៦ និងប្រទេសហត្ថលេខី ៣ ផ្សេងទៀត។ ក្នុងចំណោមប្រទេសហត្ថលេខីទាំងនោះ ប្រទេសសិង្ហបុរី និងចិនបានបំពេញនីតិវិធីផ្តល់សច្ចាប័នរួចរាល់ហើយ។

ក្រុមប្រទេសនៃកិច្ចព្រមព្រៀងនេះរួមមានប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសអូស្រ្តាលី ចិន ជប៉ុន នូវែលហ្សេឡង់ និងកូរ៉េខាងត្បូង៕

ប្រភព៖ក្រសួងព័ត៌មាន