ក្រសួងសុខាភិបាលនៃប្រទេសឡាវបាននិយាយកាលពីថ្ងៃទី ២៧ ខែមិថុនាថា ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១០នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដោយក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ចំនួន ១នាក់នៅរដ្ឋធានីវៀងចន្ទន៍ និង ៩នាក់ជាករណីនាំចូល។
ករណីឆ្លងក្នុងស្រុក ១នាក់នោះត្រូវបានគេរាយការណ៍បន្ទាប់ពីប្រទេសឡាវបានឆ្លងកាត់ពីររយៈពេល ២ថ្ងៃជាប់គ្នាដោយគ្មានការឆ្លងថ្មី។ ករណីជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះមានចំនួនដល់ ២ ១១០នាក់ ដោយនៅក្នុងនោះមានមនុស្សស្លាប់ចំនួន ៣នាក់។
ដោយមើលឃើញអំពីការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតនេះនៅក្នុងបណ្តាប្រទេសជិតខាង ក្រសួងនេះបានជំរុញឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្នប្រឆាំងនឹងជំងឺនេះ និងសហការជាមួយកងកម្លាំងមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនេះ។
ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីន (DOH) បានរាយការណ៍កាលពីថ្ងៃទី ២៧ ខែមិថុនាថា មានការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦ ០៩៦នាក់ ដែលនាំឱ្យចំនួនសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះមានការកើនឡើងដល់ ១ ៣៩៧ ៩៩២នាក់។
ក្រសួង DOH បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៤ ៣៧២នាក់ បន្ទាប់ពីអ្នកជំងឺថ្មីចំនួន ១២៨នាក់ទៀតបានស្លាប់ដោយសារជំងឺនេះ។
អនុរដ្ឋមន្រ្តីសុខាភិបាល លោក Leopoldo Vega បានជម្រុញឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ស្របពេលដែលមានការគំរាមកំហែងនៃទម្រង់ថ្មីបន្ថែមទៀតនៃជំងឺរាតត្បាតកូវីដ-១៩ នេះ ដែលវាមានការងាយឆ្លងកាន់តែច្រើន ដូចជាទម្រង់ឌែលតាដែលត្រូវបានរកឃើញពីដំបូងនៅក្នុងប្រទេសឥណ្ឌា។
ប្រទេសថៃក៏បានចេញបទបញ្ជាឱ្យភោជនីយដ្ឋាននានានៅក្នុងទីក្រុងបាងកក និងបណ្តាខេត្តនៅក្បែរនោះឱ្យផ្អាកការផ្តល់សេវាកម្មអាហាររយៈពេលមួយខែ នៅពេលដែលអាជ្ញាធរបានធ្វើការរឹតត្បិតដើម្បីទប់ស្កាត់ការផ្ទុះឡើងដ៏សាហាវបំផុតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះ។
ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃទី ២៧ ខែមិថុនាថា ប្រទេសថៃមានអ្នកឆ្លងថ្មីចំនួន ៣ ៩៩៥នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ២៤៤ ៤៤៧នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៤២នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩ កើនដល់ ១ ៩០០នាក់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama របស់ប្រទេសម៉ាឡេស៊ីបានរាយការណ៍ដោយដកស្រង់សម្តីរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin ដែលបាននិយាយថា កាលពីថ្ងៃទី ២៧ ខែមិថុនាថា ប្រទេសម៉ាឡេស៊ីនឹងពន្យារពេលវិធានការណ៍បិទខ្ទប់ប្រទេសបន្ថែមទៀតពីថ្ងៃទី ២៨ ខែមិថុនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ប្រភព៖ក្រសួងព័ត៌មាន