រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសអំពីផែនការផ្តល់ជំនួយគ្រប់ជ្រុងជ្រោយសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

357

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Tan Sri Muhyiddin Yassin បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងប្រកាសនូវទម្រង់ជំនួយគ្រប់ជ្រុងជ្រោយ​សម្រាប់ក្រុមប្រជាជនផ្សេងៗនៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយសារការរឹតបន្តឹងនៃការគ្រប់គ្រងការធ្វើដំណើរ ឬដំណាក់កាលទី ១ នៃផែនការស្តារប្រទេសឡើងវិញដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅមជ្ឈមណ្ឌលសន្និបាតសាន់វ៉េកាលពីថ្ងៃទី ២៧ ខែមិថុនា លោកនាយករដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាលតែងតែធ្វើការដើម្បីធានាថា ប្រជាជន ឬគ្រួសារចំនួន ១២លាននាក់នៅក្នុងប្រទេសដែលរងផលប៉ះពាល់ត្រូវបានផ្តល់ជំនួយ និងការគាំទ្រសមស្របដើម្បីទប់ទល់នឹងផល​ប៉ះពាល់នៃ​ជំងឺរាតត្បាតកូវីដ-១៩ ។

លោក Muhyiddin បាននិយាយថា ដំណាក់កាលទី ១ នៃផែនការស្តារប្រទេសឡើងវិញដែលនឹងផុតកំណត់នៅថ្ងៃទី ២៨ ខែមិថុនានេះ នឹងត្រូវបានបន្តនៅពេលដែលចំនួននៃការឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសនេះមិនបានឈានដល់កម្រិតដែលបានកំណត់ ពោលគឺនៅពេលដែលចំនួនឆ្លងថ្មីនៃជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃមានទាបជាង ៤ ០០០នាក់។

កាលពីថ្ងៃទី ២៧ ខែមិថុនា ប្រទេសម៉ាឡេស៊ីបានកត់ត្រានូវករណីឆ្លងថ្មីចំនួន ៥ ៥៨៦នាក់ ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបកើនដល់ ៧៣៤ ០៤៨នាក់។ នេះជាថ្ងៃទី ៥ ជាប់គ្នាហើយដែលចំនួនអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសម៉ាឡេស៊ីមានលើសពី ៥ ០០០នាក់ក្នុងមួយថ្ងៃ៕

ប្រភព៖ក្រសួងព័ត៌មាន