វ៉ាក់សាំងរបស់ប្រទេសចិនមានប្រសិទ្ធភាពប្រឆាំងនឹងទម្រង់វីរុសឌែលតានៃជំងឺកូវីដ-១៩

325

អ្នកជំនាញខាងរោគរាតត្បាតជាន់ខ្ពស់របស់ប្រទេសចិន លោក Zhong Nanshan បាននិយាយថា វ៉ាក់សាំងរបស់ប្រទេសចិនមាន​ប្រសិទ្ធភាពប្រឆាំងនឹងទម្រង់វីរុសឌែលតានៃជំងឺកូវីដ-១៩ ហើយលោកបានជម្រុញឱ្យប្រជាជនបន្ថែមទៀតទទួលយកការចាក់វ៉ាក់សាំង។

លោក Zhong បាននិយាយថា ការលេចចេញថ្មីនៃការរាតត្បាតនៅក្នុងទីក្រុងក្វាងចូវ ដែលជារដ្ឋធានីនៃខេត្តក្វាងទុងប្រទេសចិន គឺជាលើកដំបូងដែលប្រទេសចិនត្រូវទប់ទល់នឹងការរាលដាលនៃទម្រង់វីរុសឌែលតានៅក្នុងសហគមន៍។ ទម្រង់វីរុសដែលត្រូវ​បានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានេះមានរយៈពេលភ្ញាស់ខ្លីជាង ហើយអ្នកដែលឆ្លងទម្រង់វីរុសនេះត្រូវចំណាយ​ពេលយូរដើម្បីព្យាបាលឱ្យជាសះស្បើយវិញ។

ករណីសរុបចំនួន ១៥៣នាក់ត្រូវបានរាយការណ៍នៅក្នុងទីក្រុងក្វាងចូវចាប់ផ្តើមពីខែឧសភាមក ប៉ុន្តែមិនមានករណីឆ្លងថ្មីក្នុងស្រុកណា​មួយដែលត្រូវបានរាយការណ៍ទេ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែមិថុនា។

លោក Zhong បាននិយាយថា «មនុស្សជាច្រើនទៀតត្រូវការការចាក់វ៉ាក់សាំងដើម្បីបង្កើតប្រព័ន្ធភាពស៊ាំ»។

គិតត្រឹមថ្ងៃព្រហស្បតិ៍ វ៉ាក់សាំងជាង ១,១ប៊ីលានដូសត្រូវបានគេប្រើប្រាស់នៅចិនដីគោក៕

ប្រភព៖ក្រសួងព័ត៌មាន