ទីក្រុងតេអេរ៉ង់បដិសេធមិនផ្តល់រូបភាពរោងចក្រនុយក្លេអ៊ែររបស់ខ្លួនទៅឱ្យ IAEA ដោយសារកិច្ចព្រមព្រៀងត្រូវបានផុតកំណត់ហើយ

315

អ្នកនាំពាក្យនៃសភាអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកនឹងមិនប្រគល់រូបភាពពីខាងក្នុងទីតាំងរោងច្រកនុយក្លេអ៊ែររបស់ខ្លួនទៅឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នោះទេ ដោយលោកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងត្រួតពិនិត្យជាមួយក្រុមឃ្លាំមើលត្រូវបានផុតកំណត់រួចហើយ។

អ្នកនាំពាក្យ លោក Mohammad Baqer Qalibaf បាននិយាយថា «កិច្ចព្រមព្រៀងបានផុតកំណត់រួចហើយ ដូច្នេះរាល់ព័ត៌មានដែលបានកត់​ត្រាទុកនឹងមិនត្រូវបានផ្តល់ឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិទេ ហើយទិន្នន័យ និងរូបភាពនឹងនៅតែស្ថិតជាកម្មសិទ្ធិរបស់អ៊ីរ៉ង់»។

ការពន្យាពេលរយៈពេល ៣ខែលើការអនុវត្តការត្រួតពិនិត្យត្រូវបានជាប់គាំងតាំងពីដំបូងរវាងទីក្រុងតេអេរ៉ង់ និងទីភ្នាក់ងារថាមពលប​រមាណូអន្តរជាតិកាលពីក្នុងខែកុម្ភៈ នៅពេលដែលសមាជិកសភាអ៊ីរ៉ង់បានផ្អាកការធ្វើអធិការកិច្ចរបស់ IAEA ទៅលើទីតាំងរោងចក្រនុយ​ក្លេអ៊ែរ។ កាលពីក្នុងខែឧសភា នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ភាគីទាំងពីរបានពន្យារពេលកិច្ចព្រមព្រៀងនេះ​សម្រាប់រយៈពេលមួយខែ ប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយនេះត្រូវបានបញ្ចប់ហើយកាលពីដើមសប្តាហ៍នេះ។

បញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានលេចចេញជាថ្មីកាលពីឆ្នាំ ២០១៨ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ និងបានដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើទីក្រុងតេអេរ៉ង់ ស្របតាម «គោលនយោបាយសម្ពាធអតិបរិមា»។ ជាការឆ្លើយតប សាធារណរដ្ឋអ៊ីស្លាមមួយនេះបានចាប់ផ្តើមដកចេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀង JCPOA ។

ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានសន្តិភាពដោយគ្មានបំណងផលិតអាវុធនុយក្លេអ៊ែរទេ៕

ប្រភព៖ក្រសួងព័ត៌មាន