សារព័ត៌មាន NBC បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាដកចេញនូវទណ្ឌកម្មចំពោះមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលជាផ្នែកមួយនៃកិច្ចចរចាស្តីពីការបន្តគណៈកម្មការចម្រុះនៃផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ។
ទណ្ឌកម្មប្រឆាំងនឹងលោក Khamenei ក៏ដូចជាមន្ត្រី និងមេបញ្ជាការយោធាមួយចំនួនរបស់លោក ត្រូវបានដាក់ចេញកាលពីខែមិថុនា ឆ្នាំ ២០១៩ ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ រដ្ឋបាលរបស់លោក បៃដិន បានបង្ហាញសញ្ញាថា ខ្លួនមានឆន្ទៈក្នុងកិច្ចចរចា និងធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែររស់ឡើងវិញ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមអ្នកចរចាមកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានពិភាក្សាអំពីគំនិតផ្តួចផ្តើមនេះក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅទីក្រុងវីយែន។ វាត្រូវបានគេរំពឹងថាជាផ្នែកមួយនៃការសម្រុះសម្រួលដ៏ធំមួយដែលនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនចូលរួមឡើងវិញជាមួយកិច្ចព្រមព្រៀង JCPOA ហើយទីក្រុងតេអេរ៉ង់នឹងបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនឡើងវិញក្រោមកិច្ចព្រមព្រៀង JCPOA ។
នៅពេលមុននេះ ប្រធានផ្នែកបុគ្គលិករបស់ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយថា ទីក្រុងតេអេរ៉ង់ និងភាគីផ្សេងទៀតនៃកិច្ចព្រមព្រៀងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាក្នុងអំឡុងពេលនៃកិច្ចចរចានៅទីក្រុងវីយែនថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាង ១ ០០០ ដែលបានដាក់ចេញទៅលើប្រទេសអ៊ីរ៉ង់ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក ដូណាល់ ត្រាំ នឹងត្រូវបានដកចេញ។ សហរដ្ឋអាមេរិកបានបោះបង់ចោលជំហរផ្សះផ្សារបស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៨ នៅពេលដែលលោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង JCPOA ជាឯកតោភាគី ហើយបានស្តីបន្ទោសទៅលើសាធារណរដ្ឋអ៊ីស្លាមមួយនេះដោយការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្រោមយុទ្ធនាការដែលគេហៅថា «សម្ពាធអតិបរិមា»។
កិច្ចព្រមព្រៀងដើមបានទាមទារឱ្យអ៊ីរ៉ង់កាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងកាត់បន្ថយការបម្រុងទុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ បន្ទាប់ពីការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ទីក្រុងតេអេរ៉ង់បានចាប់ផ្តើមបោះបង់ចោលការសន្យារបស់ខ្លួនបន្តិចម្តងៗក្រោមកិច្ចព្រមព្រៀងនេះ។
ទីក្រុងវីយែនបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរបស់គណៈកម្មការចម្រុះ JCPOA ក៏ដូចជាការប្រជុំក្រៅផ្លូវការក្នុងទម្រង់ផ្សេងៗគ្នាក្នុងគោលបំណងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញចាប់តាំងពីខែមេសាមក៕
ប្រភព៖ក្រសួងព័ត៌មាន