កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង លោក Lee In-young បានប្តេជ្ញាធ្វើសកម្មភាពលឿនជាងមុនដើម្បីបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ខណៈដែលលោកបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងធ្វើការឆ្លើយតបដោយភាពបត់បែនចំពោះការផ្តល់ជូនសម្រាប់កិច្ចពិភាក្សា។
លោក Lee បានធ្វើការកត់សម្គាល់នេះនៅក្នុងព្រឹត្តិការណ៍ដើម្បីបញ្ចប់យុទ្ធនាការ «ដំណើរនៃការបង្រួបបង្រួម» ដែលរៀបចំឡើងដោយក្រសួងនោះ ដោយមានអ្នកចូលរួមរាប់សិបនាក់បានដើរជាមួយគ្នាសម្រាប់រយៈពេល ១៣ថ្ងៃនៅតាមបណ្តោយព្រំដែនក្នុងក្តីសង្ឃឹមនៃការបង្រួបបង្រួមរវាងប្រទេសកូរ៉េទាំងពីរ។ វាជាលើកដំបូងនៃការដើរ ១០ជុំដែលបានគ្រោងទុកនៅក្នុងឆ្នាំនេះ ហើយនៅពេលមុននេះ លោក Lee បានចូលរួមការដើររយៈពេលពីរបីថ្ងៃផងដែរ។
លោក Lee បានប្រាប់អ្នកចូលរួមក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នោះដែលបានធ្វើឡើងនៅទីក្រុង Paju នៅភាគខាងជើងទីក្រុងសេអ៊ូលថា «វាមានរយៈពេលប្រហែលជាពីរឆ្នាំចាប់តាំងពីកិច្ចសន្ទនារវាងភាគកូរ៉េខាងត្បូង និងកូរ៉េខាងជើង និងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលបានឈានដល់ការជាប់គាំង រួមជាមួយនឹងការដើរឆ្ពោះទៅរកសន្តិភាព»។
លោកបាននិយាយបន្ថែមថា «រដ្ឋាភិបាលនឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីស្តារបណ្តាញទំនាក់ទំនងឡើងវិញ និងបន្តកិច្ចសន្ទនាឡើងវិញនៅកាលបរិច្ឆេទឆាប់ៗនេះ។ ខ្ញុំសង្ឃឹមថា កូរ៉េខាងជើងនឹងឆ្លើយតបប្រកបដោយប្រាជ្ញាដែលមានភាពបត់បែនបាន»។
កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង និងទំនាក់ទំនងអន្តរកូរ៉េ នៅតែជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយរវាងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីឆ្នាំ ២០១៩ ដែលត្រូវបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ។
ប្រទេសកូរ៉េខាងជើងក៏បានកាត់ផ្តាច់បណ្តាញទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូងកាលពីរដូវក្តៅមុន ដើម្បីតវ៉ាប្រឆាំងនឹងការចែកចាយខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាងដែលត្រូវបានបញ្ជូនពីអ្នករត់ចោលជួរនៅកូរ៉េខាងត្បូង៕
ប្រភព៖ក្រសួងព័ត៌មាន