ក្រុមប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ NACC បានចុះបាញ់ថ្នាំបំភាយសម្លាប់មេរោគ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

490

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានចុះបាញ់ថ្នាំបំភាយសម្លាប់មេរោគ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលសកម្មភាពនេះដឹកនាំដោយ លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ។

លោក សួង ហួត បានមានប្រសាសន៍ថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានបង្កើតក្រុមប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩  ដើម្បីចូលរួមការងារជួយសង្គមជាតិយើង ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភនាបច្ចុប្បន្ន ។ ហើយក្រុមនេះដែរ បានទទួលការបណ្តុះបណ្តាល ពីអ្នកជំនាញមកពីអង្កភាពកងពលតូច៧១១  ចំណែក សំភារៈទាំងអស់ គឺជាជំនួយរបស់សហជីពទូទាំងប្រទេសចិន ដែលបានឧបត្ថម្ភ។

លោកបានបញ្ជាក់ថា កន្លងមក NACC បានចុះអប់រំ ផ្សព្វផ្សាយតាមបណ្តាញសង្គម និងដោយផ្ទាល់នៅតាមរោងចក្រសហគ្រាស និងតាមបន្ទប់ជួល ពីគោលការអនាម័យ ការរក្សាគំលាតសង្គម និងគោលការ ៣កុំ ៣ការពារ ចូលរួមចែកម៉ាស់ អាល់កុល សាប៊ូលាងដៃ ដល់បងប្អូនកម្មករ និយោជិតនៅតាម រោងចក្រសហគ្រាស និងតាមបន្ទប់ជួល ។ ហើយក៏បានផ្តល់ជូនម៉ាស់ដល់ អាជ្ញាធរ ក្រសួង  ស្ថាប័ននានា សរុបចំនួន ៧២០០០០ ម៉ាស់ផងដែរ។

ដោយឡែកចំពោះការចូលរួមបាញ់ថ្នាំសំលាប់មេរោគកូវីដ១៩ នៅតាមទីសាធារណៈ ស្ថាប័ន​  បន្ទប់ជួល សាលប្រជុំ សាលាខណ្ឌ តាមសង្កាត់ និង ផ្សារនានា សរុបចំនួន២១ ទីតាំង ។ ហើយជាពិសេសសម្រាប់ថ្ងៃទី២៧ នេះ ក្រុមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩  របស់ NACC បានទទួលការអនុញ្ញាតិពីឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានឲ្យក្រុមការងារ ចុះបាញ់ថ្នាំនៅទីតាំងក្រសួងការងារ  ដោយផ្ទាល់ផងដែរ ។

សូមបញ្ជាក់ថា លោក សួង ហួត ត្រូវបានជាប់ឆ្នោតជាប្រធានថ្មី នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បន្ទាប់ពីឯកឧត្តម សោម អូន អតីតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) អាណត្តិទី១ និងទី២ ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងមុខតំណែង ជារដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ពិធីប្រកាសផ្ទេរតំណែងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា អាណត្តិទី៣ នេះបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕