បន្ទាយមានជ័យ៖ ទោះបីជាប្អូនបង្កើតក៏ទ្រាំមិនបាន ខណៈពេលដែលឃើញបងបង្កើតរបស់ខ្លួនជក់គ្រឿងញៀនបែកម្តងៗ តែងវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចខ្ទីគ្មានសល់ច្រើនលើកច្រើនសារពេក ទើបដាច់ចិត្តប្តឹងសមត្ថកិច្ចចាប់ខ្លួនបងរបស់ខ្លួន បញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ចាត់ការតាមច្បាប់។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពេល លោក សិទ្ធ ហ្វាហ្ស៊ី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានប្តឹងមកកងរាជអាវុហត្ថក្រុង ឲ្យឃាត់ខ្លួនបងប្រុសបង្កើតរបស់ខ្លួនជាជនសង្ស័យឈ្មោះ សិទ្ធ សាក់រ៉ានី ភេទប្រុស អាយុ៤១ឆ្នាំ ដែលតែងតែវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះដោយចេតនា និងវក់ប្រើប្រាស់ថ្នាំញៀនយ៉ាងធ្ងន់ធ្ងរ ។
លោកមេបញ្ជការបានបញ្ចាក់ថា ពេលសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើគ្រឿងញៀនជាប្រចាំពេល ខឹងនឹងប្អូនគេម្ដងៗ រូបគេតែងតែដុតបំផ្លាញសម្ភារ:នៅក្នុងផ្ទះ ជាច្រើនដងមានដូចជា តុ ទូ ទូរទស្សន៍ និងសម្ភារ:ផ្សេងៗទៀតផងដែរ។
ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សិទ្ធ សាក់រ៉ានី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕