ភ្នំពេញ÷មានករណីអគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ នៅក្នុងសំណង់អគារ ៣ជាន់ ប៉ុន្តែសាកសពពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៤:៣០ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានឲ្យដឹងបឋមថា ផ្ទះរបស់ជនរងគ្រោះដែលត្រូវអគ្គីភ័យឆាបឆេះ ឈ្មោះ ហុង ពេជ្រហោះ ភេទប្រុស អាយុ ៧១ឆាំ្ន ។
ក្នុងករណីអគ្គីភ័យឆាបឆេះនេះបង្កឲ្យខូចខាតដូចជា៖
-ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ ០៩ម៉ែត្រ x ៣០ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារៈផ្សេងៗទៀតដូចជា៖
-ឆេះរថយន្តម៉ាក Ford Willdrak ពណ៌ខ្មៅ ចំនួន ០១គ្រឿង
-ឆេះរថយន្ត Luxus ៣៣០ ពណ៌ស ចំនួន ០១គ្រឿង
-និងឆេះម៉ូតូសរុបចំនួន ០៧គ្រឿង។
ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះខាងលើនេះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០៤ នាក់ផងដែរ តែសាកសពទាំងបួននាក់ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកក្រុមសាច់ញាតិគ្រួសារនៃសព ដើម្បីឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នករងរបួសម្នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ ឈ្មោះ ម៉ូច សីហា ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរមន្រ្តីកិច្ចសន្យាអគ្គិភ័យ ។
សូមបញ្ជាក់ផងដែរនៅក្នុងហេតុការណ៍ករណីអគ្គីភ័យឆាបឆេះខាងលើនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៣៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៨ឡាន ស្មើនឹង ១៥២ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
១-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន សើ្មនឹង ១២ម៉ែត្រគូប។
ពន្លត់ចប់ជាស្ថាពរ នៅម៉ោង ០៦:០០ នាទីព្រឹក ថ្ងៃដដែល។
ទោះជាយ៉ាងណា សមត្ថកិច្ចពុំទាន់ដឹងមូលហេតុនៃការបង្កឲ្យមានអគ្គីភ័យនេះនៅឡើយ ហើយកម្លាំងជំនាញកំពុងតែស្រាវជ្រាវបន្ត ដើម្បីស្វែងរកមូលហេតុ។