រដ្ឋបាលខេត្តបាត់ដំបងបិទខ្ទប់វត្តនរា បន្ទាប់ពីរកឃើញអាចារ្យធំនិងតៃកុងឡានមានវិជ្ជមានកូវីដ១៩

295

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់វត្តនរា ស្ថិតនៅឃុំនរា ស្រុកសង្កែខេត្តបាត់ដំបង បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩លើអាចារ្យធំម្នាក់ និង តៃកុងឡានម្នាក់ កាលពីថ្ងៃទី២៩ខែមិថុនា។

លោក ជុំ គឹមសេង មេឃុំនរា បានឲ្យដឹងនាល្ងាចថ្ងៃទី៣០ មិថុនានេះថា អាចារ្យធំដែលរកឃើញវិជ្ជមានកូវីដ-១៩នោះ មានឈ្មោះ ទុន ទឹម អាយុជាង៨០ឆ្នាំ និង តៃកុងឡានម្នាក់ ក៏រកឃើញមាន វិជ្ជមានកូវីដ១៩ដែរ ។

លោកបន្ថែម ថាអ្នកពាក់ព័ន្ធជាមួយអាចារ្យធំនេះ មានព្រះសង្ឃ យាយជី និង ក្មេងស្រីដាំបាយក្នុង វត្តនរានេះចំនួន ៣៣នាក់ ដែលបានធ្វើតេស្តរហ័ស គឺអវិជ្ជមានកូវីដ-១៩ ហើយពួកគាត់កំពុង ដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងវត្តនរានេះផ្ទាល់ទាំងអស់ ។

លោកមេឃុំបានបញ្ជាក់បន្ថែមថាអាជ្ញាធរនិងមន្រ្តីសុខាភិបាលកំពុងតែស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀតដើម្បីយកសំណាករកមេរោគកូវីដ-១៩ ។

លោកមេឃុំនរា រំលឹកឲ្យដឹងថា លោកតាអាចារ្យធំនិងតៃកុងឡានដែលរកឃើញវិជ្ជមាន កូវីដ១៩ ខាងលើនេះ ធ្លាប់ទៅលេងចម្ការទុរេន នៅឯស្រុកសំឡូតខេត្តបាត់ដំបង នាពេលថ្មីៗនេះ ហើយពេលត្រឡប់មកវិញប៉ុន្មានថ្ងៃ ដោយមានការសង្ស័យពីអាការៈ ក៏បានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ-១៩ តែម្តង ។

បច្ចុប្បន្ននេះអាជ្ញាធរឃុំ បានប្រកាសស្នើសុំឲ្យពុទ្ធបរិសទ្ធ ចំណុះជើងវត្តឧបត្ថម្ភស្បៀង សម្រាប់ ព្រះសង្ឃ តាអាចារ្យ យាយជី និង ក្មេងស្រីដាំបាយ សរុប៣៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កក្នុងវត្តបន្ថែមផង ដោយយកចង្ហាន់ឬសម្ភារនានា ព្យួរនៅក្លោងទ្វារវត្តទៅបានហើយ ៕

ប្រភព៖ក្រសួងព័ត៌មាន