សៀមរាប៖ លោក វេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលបានព្យាបាលជាសះស្បើយ ហើយអាចនឹងលាប់ជំងឺនេះឡើងវិញ បើសិនជាពួកគាត់មិនបានចូលរួមអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ រួមមាន ៖ កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញ ចូល , កុំទៅកន្លែងមនុស្សច្រើនកុះករ , កុំប៉ះពាល់គ្នា និង ៣ការពារ រួមមាន ៖ ត្រូវពាក់ម៉ាស់នៅគ្រប់ទីសាធារណ: , លាងដៃជាមួយសាប៊ូ អាល់កុលឬជែល , រក្សាគម្លាតសង្គម ឬ អាចនិយាយបានថា ការឆ្លងជំងឺនេះសារជាថ្មី ។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ដូច្នេះក្នុងកម្មវិធីបច្ចុប្បន្នភាព -សៀមរាបអង្គរ នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ទៀតថា កន្លងមកក្នុងខេត្តសៀមរាប ក៏ធ្លាប់មានអ្នកជំងឺកូវីដ-១៩ ដែលបានព្យាបាលជាសះស្បើយហើយ ក៏មានវិជ្ជមានកូវីដ-១៩ នេះសារជាថ្មីផងដែរ ដោយលោកក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងខេត្តសៀមរាប ត្រូវតែចូលរួមអនុវត្តនូវវិធានការការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នេះ ដោយមិនត្រូវទុកចិត្តថាខ្លួនលែងមានបញ្ហាទៀតនោះ ដែលនេះជាការធ្វេសប្រហែសក្នុងការចម្លងជំងឺកូវីដ-១៩។
គួររំលឹកថា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ធ្លាប់បានពន្យល់ថា តាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក រាល់ករណីដែលធ្វើតេស្តពិនិត្យទៅឃើញអវិជ្ជមានចំនួនពីរដងជាប់គ្នា គឺត្រូវបានសន្មត់ថាជាសះស្បើយពីជំងឺកូវីដ-១៩នេះ ហើយបុគ្គលរូបនេះនឹងត្រូវបានអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ ប៉ុន្តែការត្រលប់ទៅគេហដ្ឋានវិញ គឺស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានសុខភាពខ្លួនឯងជាបន្តទៀត ដោយពុំអនុញ្ញាតឱ្យមានការធ្វើដំណើរទៅទីណាផ្តេសផ្តាសនោះទេ ហើយបុគ្គលដែលជាសះស្បើយនេះ ត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃបន្តទៀតនៅកន្លែងដែលខ្លួនរស់នៅ តាមរយ:ការណែនាំរបស់ក្រុមគ្រូពេទ្យ ដោយបារម្ភអំពីករណីលាប់ជំងឺនេះ៕
ប្រភព៖ក្រសួងព័ត៌មាន