ប្រជាពលរដ្ឋចំនួន ៤២គ្រួសារ ក្នុងតំបន់ បិទខ្ទប់ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយសារ ការផ្ទុះឡើងជំងឺកូវីដ-១៩ក្នុងសហគមន៍នេះបានទទួលអំណោយជាស្បៀងអាហារបន្ទាន់របស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយរួមចំណែកទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំដែលកំពុង ជួបការលំបាកដោយសារតែការរាតត្បាតជំងឺដ៏កាចសាហាវនេះ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ កងកម្លាំងប្រដាប់អាវុធ មន្ត្រីមូលដ្ឋានបាននាំយកអំណោយស្បៀងអាហារទៅចែកជូនដល់ប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់ចំនួន៤២គ្រួសារនេះ កាល ពីរសៀលថ្ងៃ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែ មិថុនា ឆ្នាំ២០២១ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី១យួរ, និងត្រីខ១យួរ ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹកជានិច្ច ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅ គ្រប់ទីកន្លែង។
ឯកឧត្តមបានបញ្ជាក់ថា ទោះបីយើងកំពុងជួបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្ដី រាជរដ្ឋាភិបាលកម្ពុជាក៏ដូចអាជ្ញាធរខេត្ត មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់បាត់បង់ជីវិតដោយ ការដាច់ស្បៀងអាហារទទួលទាននោះទេ ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានអំពាវនាវយ៉ាងទទួច ដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ សូមចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវ វិធានការ ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចក្រសួងសុខាភិបាល ក្នុងនោះគឺត្រូវពាក់ម៉ាស ត្រូវឧស្សាហ៍លាង សម្អាតដៃ នឹងសាប៊ូ អាល់កុល ឬជែល ត្រូវរក្សាគម្លាតបុគ្គល កុំចូលទៅក្នុងចំណោមមនុស្ស ច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទៅក្នុងទីកន្លែងបិទ គ្មានខ្យល់ចេញ-ចូល ៕
ប្រភព៖ក្រសួងព័ត៌មាន