ភ្នំពេញ៖ ក្រុមហ៊ុន Unitedgreeដែលមានមូលដ្ឋាននៅទីក្រុងឡុងចក្រភពអង់គ្លេសវិនិយោគលើវិស័យកសិកម្ម ជាពិសេសគឺការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះនៅកម្ពុជា ខណៈកម្ពុជាមានសក្តានុពលខ្ពស់។លោក Rod Bassett នាយកក្រុមហ៊ុន Unitedgreen នៅក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី៥ខែកុម្ភៈម្សិលមិញនេះឱ្យដឹងថាគោលបំណងនៃជំនួបនាពេលនេះគឺទី១-ធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីគោលនយោបាលវិនិយោគរបស់រាជរដ្ឋាភិបាលក៏ដូចជារបស់ក្រសួង ។

ទី២-ពិនិត្យលើសក្តានុពលនៃធនធានដីទឹកនិងទីផ្សារដើម្បីវិនិយោគលើខ្សែច្រវាក់ផលិតកម្មគោទឹកដោះដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយតាំងពីការបង្កាត់ពូជ ការដាំស្មៅជាចំណី ការចិញ្ចឹម និងរោងចក្រកែច្នៃ វេចខ្ចប់ទឹកដោះស្រស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។

លោកបានបន្ថែមទៀតថាកម្ពុជាជាប្រទេសមានសក្តានុពលលើវិស័យកសិកម្មបូករួមទាំងឱកាសអំណោយផលពេញលេញប៉ុន្តែនៅត្រង់ថាកម្ពុជាមិនទាន់បានចាប់ផ្តើមអនុវត្តបច្ចេកវិទ្យាឱ្យបានគ្រប់ចំណុចនៃខ្សែច្រវាក់ផលិតកម្ម ធ្វើឱ្យគំលាតរវាងផលិតផលដែលផលិតដោយកសិករ និងទីផ្សារស្ថិតនៅឆ្ងាយពីគ្នា។

លោកបន្តថាដោយមើលឃើញពីបញ្ហានេះក្រុមហ៊ុនមានចំណាប់អារម្មណ៍ធ្វើការរៀបចំគម្រោងវិនិយោគតាំងពីមូលដ្ឋាននៃផលិតកម្ម រហូតដល់ទីផ្សារ ដោយនាំយកទំនើបកម្មកសិកម្ម និងទំនើបកម្មកសិឧស្សាហកម្ម ជាពិសេសហិរញ្ញវត្ថុមកអនុវត្ត។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមញ្ញ និងនេសាទបានសម្តែងនូវឆន្ទ:គាំទ្រនិងស្វាគមន៍ចំពោះក្រុមហ៊ុន ព្រោះថាបច្ចុប្បន្នកម្ពុជាបាននិងកំពុងបោះជំហានជាវិជ្ជមានទៅមុខយ៉ាងលឿនគួរឱ្យកត់សម្គាល់ទាំងនយោបាយ សេដ្ឋកិច្ច សង្គម ដែលបង្កលក្ខណ:អំណោយផលយ៉ាងល្អប្រសើរសម្រាប់វិនិយោគិនក្នុង និងក្រៅស្រុក។

លោករដ្ឋមន្ត្រីថាក្រុមហ៊ុនគួរចាប់ផ្តើមពីកសិដ្ឋានតូចធ្វើជាលក្ខណ:បង្ហាញរួចឈានទៅពង្រីកអាជីវកម្មបន្តិចម្តងៗស្របតាមនិន្នាការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិនិងត្រូវការនៃការប្រើប្រាស់ទឹកដោះគោមួយវិញទៀតលោកបានណែនាំឱ្យក្រុមហ៊ុនគួរសិក្សាឱ្យបានច្បាស់លាស់ពីរចនាសម្ព័ន្ធគាំទ្រសំខាន់ៗដូចជាទឹក ភ្លើង និងការដឹកជញ្ជូន។ល។ ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនាពេលខាងមុខដំណើរការទៅដោយរលូន។

លោករដ្ឋមន្ត្រីបន្តថាក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យដូចការគ្រោងទុក៕