ភ្នំពេញ៖ បុរសម្នាក់សង្ស័យជាបែកថ្នាំបានដុតបំផ្លាញផ្ទះប្រជាពលរដ្ឋឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតអស់ចំនួន ០៦បន្ទប់ ធ្វើអំពីឈើប្រក់ស័ង្គសីប្រភេទសំណង់មិនរៀបរយអស់ទាំងស្រុងបណ្ដាលឱ្យរងការខូចខាតទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះនោះអស់ជាច្រើនតែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងអគ្គីភ័យនេះទេ ។
ហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង៣៥នាទីល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ១០៥ ត្រង់ចំណុចភូមិ០៤ ក្រុមទី២៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា នៅមុនពេលអគ្គីភ័យនេះបានឆាប់ឆេះឡើង គេបានឃើញបុរសម្នាក់ ឈ្មោះ ម៉ៅ សង្ស័យជាបែកថ្នាំ ដែលបាត់មុខអស់រយៈពេលជាយូមកហើយ និងកន្លងមកធ្លាប់មានទំនាស់គ្នាជាមួយអ្នកភូមិម្នាក់ទៀត ស្រាប់តែនៅថ្ងៃកើតហេតុ ឃើញលេចមុខចូលមកក្នុងភូមិ ក៏បានលួចដុតផ្ទះ បណ្ដាលឲ្យឆេះរាលដាលយ៉ាងយ៉ាងសន្ធោសន្ធៅ ហើយរត់គេចខ្លួនបាត់ស្រមោល ។
មន្ត្រី នៃការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចេញយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះមកជួយធ្វើអន្តរាគមន៍នឹងបាញ់ពន្លត់ដែរ តែដោយសារផ្លូវតូចចង្អៀតធ្វើឱ្យពិបាកចូលរថយន្តត្រូវប្រើអស់រយៈពេលយូរ ទើបបណ្ដាលឲ្យអគ្គីភ័យនេះឆេះអស់ទាំងស្រុងចំនួន០៦បន្ទប់នេះតែម្ដង ។
សូមបញ្ជាក់ នៅក្នុងករណីអគ្គិភ័យដែលបានឆាបឆេះនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបទាំងអស់០៦គ្រឿង និងប្រើរយៈពេល៣០នាទី ទើបបញ្ហារលត់អស់ជាស្ថាពរ ។
សម្ភារៈដែលបានរងការខូចខាតទាំងអស់រួមមានប្រភេទឈើប្រណិត និងគ្រឿងឈើមួយចំនួននិងឆេះផ្ទះអស់០៦ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសីជាន់ផ្ទាល់ដីអស់ទាំងស្រុង ចំណែកមនុស្សដែលរស់នៅក្នុងផ្ទះកន្លែងកើតហេតុនោះគ្មាននរណាម្នាក់រងគ្រោះថ្នាក់ដោយសារតែអគ្គីភ័យនេះទេ។
រាយការណ៍ដោយ-P.23