ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការហួសចិត្ត ដែលមានពាក្យចចាមអារ៉ាមថា សម្តេចទទួលមរណភាព ខណៈដែលសម្តេចបញ្ជាក់ថាបើមានការទទួលមរណភាពមែននោះ នឹងមានការជូនព័ត៌មាន ការរៀបចំពិធីបុណ្យផ្សេងៗ និងការទម្លាក់ទង់ជាតិ ដើម្បីកាន់មរណទុក្ខជាដើម។ ថ្លែងក្នុងកិច្ចប្រជុំនិងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចមិននឹកស្មានថា មកដល់ពេលនេះមានពាក្យចចាមអារ៉ាម ដ៏អាក្រក់ នៅខាងក្រៅថា សម្តេចស្លាប់តាំងពីថ្ងៃទី២៣ ខែមិថុនា ម៉ោង៤ល្ងាចឯណោះ ក្នុងពេលដែលសម្តេចជាប់ធ្វើចត្តាឡីស័ក ហើយបើទោះបីជាថ្ងៃទី២៨ ខែមិថុនា សម្តេចបានជួបជាមួយនឹងបណ្តាគណបក្សនៅអាស៊ាន ជាមួយគណបក្សរួបរួមរបស់រុស្សីក៏ដោយ ដែលនៅតែមានពាក្យចចាមអារ៉ាមថានោះគឺជាវីដេអូ ក្លែងក្លាយ ។ សម្តេចតេជោ បន្តថា បើសម្តេចស្លាប់មែននោះ ប្រហែលជារដ្ឋសភា និងព្រះមហាក្សត្រតែងតំាងនាយករដ្ឋមន្រ្តីថ្មី ដើម្បីដំណើរការរាជរដ្ឋាភិបាលទៅហើយ ។ បន្ថែមពីនោះទៀត របៀបស្លាប់របស់មេដឹកនាំ ប្រទេស ត្រូវជូនដំណឹងដល់ប្រជាជាតិឱ្យបានដឹង ហើយពិធីបុណ្យសពរបស់មេដឹកនាំកម្រិតដូចសម្ដេច ប្រហែលមានកងកិត្តិយសដ៏ច្រើន មកអមសាកសពរបស់សម្ដេចទៀតផង ។ សំឡេង « ខ្ញុំមិនចង់ឆ្លើយតបអ្វីទេ ប៉ុន្តែកូន ក្មួយទាំងឡាយអើយ អ្នកទាំងឡាយ ប្រសិនបើគិតអំពីការស្លាប់របស់ខ្ញុំ គួរតែគិតពីសុខភាព ខ្លួនឯងវាប្រសើរជាង គឺប្រសិនបើមានការស្លាប់វាមានការចាំបាច់ ដើម្បីនិងលាក់សាកសពរបស់ហ៊ុនសែនធ្វើអ្វី ប្រសិនបើមានការ ស្លាប់មែននោះ មកដល់ពេលនេះវា៧ថ្ងៃបាត់ទៅហើយ។ ហើយប្រហែលជារដ្ឋសភា ព្រះមហាក្សត្រ ព្រះអង្គទ្រង់តែងតាំងនាយករដ្ឋមន្រ្តីថ្មី ដើម្បីនឹងដំណើរការរៀបចំរដ្ឋាភិបាលថ្មីផងដែរ ម៉្យាងទៀតខ្ញុំសូមបញ្ជាក់ជូនអ្នកទាំងនោះថា រៀបស្លាប់របស់អ្នកដឹកនាំប្រទេស ត្រូវជូនដំណឹងប្រជាជាតិឱ្យបានដឹង យ៉ាងហោចណាស់ពិធីបុណ្យសព របស់មេដឹកនាំកម្រិតដូចខ្ញុំនេះ ប្រហែលជាមានកងកត្តិយសដ៏ច្រើន អមសាកសពរបស់ខ្ញុំ ហើយប្រហែលជានាយករដ្ឋមន្រ្តីថ្មីឬគណៈកម្មការបុណ្យ រៀបចំឱ្យមានការទម្លាក់ដងទង់ជាតិពាក់កណ្តាលដង ក៏អាច ថាបាន នេះជាទម្លាប់អ្វីទៅតាមមេដឹកនាំគ្រប់ប្រទេស » ៕
ប្រភព៖ក្រសួងព័ត៌មាន