កូនសត្វផ្សោតកើតថ្មីមួយក្បាលទៀត ដែលវាមានអាយុយ៉ាងតិចមួយសប្តាហ៍ ត្រូវបានប្រទះឃើញនៅវេលាម៉ោងប្រមាណជា ១៤:១៤នាទីរសៀល កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណជាប្រាំបួនក្បាលត្រង់ចំនុចអន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។
កូនផ្សោតនេះ ត្រូវបានរកឃើញនៅចំនុចនិយាមការ ៤៨P:០៦១០៤៤៧ និង UTM:១៣៩៤៥៥០ ដោយក្រុមការងារផ្នែកស្រាវជ្រាវ នៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ប្រចាំខេត្តក្រចេះ រួមជាមួយមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ដែលកំពុងតែចុះបំពេញការងារត្រួតពិនិត្យ ក្នុងតំបន់ការពារសត្វផ្សោតទន្លេមេគង្គ។ បន្ទាប់ពីបានប្រទះឃើញនូវវត្តមាននៃកូនផ្សោតថ្មីនោះ ក្រុមការងារក៏បានធ្វើការអង្កេតពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយ និងថតរូបកូនសត្វផ្សោតថ្មីនោះជាមួយមេរបស់វា។
តាមការពិនិត្យអង្កេតជាក់ស្តែងពីក្រុមការងារអស់រយៈពេលប្រមាណជាង១ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។
លោក អ៊ុក វិបុល បានបញ្ជាក់បន្ថែមថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះគឺជាកូនផ្សោតទីប្រាំហើយ ដែលត្រូវបានកត់ត្រា ថាបានកើតនៅក្នុងឆ្នាំ២០២១ គឺចាប់តាំងពីខែមករា ដល់ ខែមិថុនានេះ។
សូមរម្លឹកផងដែរថា នៅព្រះរាជាណាចក្រកម្ពុជាយើង នៅក្នុងឆ្នាំ២០២០ ចំនួនប៉ាន់ប្រមាណសរុប នៃសត្វផ្សោតដោយប្រើវិធីសាស្ត្រវិទ្យាសាស្ត្រគឺមានចំនួនសរុប ៨៩ក្បាល ក្នុងកម្រិតជឿជាក់ ៩៥% ប៉ុន្តែចំនួននេះ គឺមិនបានរាប់បញ្ចូលផ្សោតចំនួន ២៥ក្បាល ដែលបាត់ដាន ដែលសត្វផ្សោតចំនួន២៥ក្បាលនេះ ធ្លាប់បានប្រទះឃើញក្នុងអំឡុងពេលសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៧ កន្លងមក។ អាស្រ័យដោយការសិក្សាអង្កេតលើចំនួនប៉ាន់ប្រមាណសរុបនៃសត្វផ្សោតផ្តោតតែតាមជ្រលងមេ នៃទន្លេមេគង្គ ក្រុមសិក្សាស្រាវជ្រាវ បានសន្និដ្ឋានថា សត្វផ្សោតដែលបាត់ដានដែលមិនបានប្រទះឃើញក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ២០២០ អាចបំលាស់ទីទៅជ្រលងទន្លេផ្សេងទៀតនៃទន្លេមេគង្គ (ទន្លេមេគង្គមានជ្រលងទន្លេច្រើនក្រៅពីជ្រលងមេ) ហើយយោងតាមលទ្ធផលនៃការចុះត្រួតពិនិត្យសត្វផ្សោតប្រចាំខែ ក្នុងឆ្នាំ២០២១នេះ បង្ហាញឱ្យដឹងថា សត្វផ្សោតមួយចំនួន នៃសត្វផ្សោតដែលបានបាត់ដានទាំង២៥ក្បាលនោះ ត្រូវបានប្រទះឃើញឡើងវិញនៅតាមជ្រលងមេ ផងដែរ៕
ប្រភព៖ក្រសួងព័ត៌មាន