ផ្សារកំពង់ធំនិងផ្សារក្រុងស្ទឹងសែន ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ រួចរាល់

397

កំពង់ធំ៖ លោកម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រសៀលថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ នេះបានដឹកនាំក្រុមការងារបាញ់ទឹកថ្នាំសម្លាប់មេរោគ កូវីដ -១៩ នៅទីតាំងផ្សារចំនួន ២ រួមមាន ផ្សារកំពង់ធំ និងផ្សារក្រុងស្ទឹងសែន ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺកាចសាហាវមួយនេះ។

លោកម៉ាក ប៊ុនហុងអភិបាលក្រុងស្ទឹងសែនបានឲ្យដឹងដែរ ថា ក្រោយពីលោកស្រីជា វាសនា ដែលមានមុខរបរជាអ្នករាប់លុយ នៅក្នុងផ្សារកំពង់ធំ ផ្ទុកមេរោគកូវីដ -១៩ ភ្លាមនោះលោកក៏បានដឹកនាំក្រុមទាំងនេះជាបន្ទាន់ និងមានការសម្របសម្រួល និងបញ្ជាផ្ទាល់ដោយឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ បានយកទឹកថ្នាំបាញ់សម្លាប់មេរោគកូវីដ -១៩ នៅផ្សារកំពង់ធំ និងផ្សារក្រុងស្ទឹងសែនព្រមទាំងទីប្រជុំជនមួយចំនួនផងដែរ ដើម្បីកាត់ផ្ដាច់ខ្សែចម្លង និងរក្សាឲ្យបាននូវសុខសុវត្ថិភាពបងប្អូនអាជីវករផ្សារ និងបង្ការការចម្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមទីកន្លែងសាធារណៈសំខាន់ៗ ក្នុងក្រុងស្ទឹងសែន។

លោកអភិបាលក្រុងស្ទឹងសែនក៏បានណែនាំដល់រដ្ឋបាលសង្កាត់កំពង់ធំ និងសង្កាត់កំពង់ក្របៅ ឲ្យបន្តផ្សព្វផ្សាយវិធានសុខាភិបាល និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ «បីការពារ និងបីកុំ» ដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩ ដល់បងប្អូនអាជីវករផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ៕

ប្រភព៖ក្រសួងព័ត៌មាន