រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១២៣នាក់ ជាសះស្បើយ៤៧នាក់ និងស្លាប់២នាក់។
ក្នុងនោះករណីទី១ ដល់ទី៦៧ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី។ ករណីទី៦៨ ដល់ទី៧៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ។ ករណីទី៧៨ដល់ទី៨២ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។ ករណីទី៨៣ ដល់ទី៨៤ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២ ។ ករណីទី៨៥ ដល់ទី៩០ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ។
ករណីទី៩១ ដល់ទី៩២ ជាករណីបន្តពីអ្នកដំណើរមកពីខេត្តឧត្តរមានជ័យ ។ ករណីទី៩៣ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន។ ករណីទី៩៤ដល់ទី១០៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី១០៤ ដល់ទី១២៣ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។បន្ទាប់មកក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ ។ នៅក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន១២៣នេះ ឃើញថា ករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ច្រើនជាងគេ។
ចំពោះករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០២នាក់ ១-ឈ្មោះ ហុល សុខណា ភេទប្រុស អាយុ៧៧ឆ្នាំ អាសយដ្ឋានភូមិត្បែងលិច ឃុំត្បែង ២-អ្នកធ្វើដំណើរពីខេត្តព្រះវិហារឈ្មោះ ឡាច ធី ភេទប្រុស អាយុ២៩ឆ្នាំ អាសយដ្ឋានភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១៖១០នាទី និងបានស្លាប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១៖៣០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១.២៦៩នាក់ បានព្យាបាលជាសះស្បើយចំនួន ៤៨៣នាក់ ស្លាប់១៣នាក់ និង៧៧៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ៕
ប្រភព៖ក្រសួងព័ត៌មាន