រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃទី ៣០ ខែមិថុនាថា វិធានការណ៍រឹតបន្តឹងជាបន្ទាន់នៃសកម្មភាពរបស់សហគមន៍នឹងត្រូវដាក់ចេញអនុវត្តចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ២០ ខែកក្កដា ក្នុងគោលបំណងកាត់បន្ថយចំនួនឆ្លងថ្មីនៃជំងឺកូវីដ-១៩ ឱ្យបានមកនៅត្រឹម ១០ ០០០នាក់ក្នុងមួយថ្ងៃ។
ការរឹតបន្តឹងនេះនឹងត្រូវអនុវត្តនៅក្នុងស្រុកចំនួន ១២១ និងនៅកោះចាវ៉ា និងកោះបាលីផងដែរ។ និយោជិតទាំងអស់នៅក្នុងវិស័យដែលមិនមានភាពចាំបាច់ត្រូវតែធ្វើការពីផ្ទះ។ ផ្សារលក់ទំនិញ វិហារអ៊ីស្លាម និងសួនច្បារត្រូវតែបិទ ខណៈដែលហាងលក់ទំនិញ ផ្សារទំនើប ផ្សារតូចៗ និងផ្សារសើម អាចដំណើរការបានរហូតដល់ម៉ោង ៨:០០យប់ជាមួយនឹងបុគ្គលិកចំនួនពាក់កណ្តាល។
បណ្តាឱសថស្ថាននានាអាចដំណើរការបាន ២៤ម៉ោង។ ការដឹកជញ្ជូនសាធារណៈអាចដំណើរការបានដោយមានសមត្ថភាពអតិបរមាត្រឹម ៧០ភាគរយ ហើយអ្នកដំណើរដែលចង់ធ្វើដំណើរតាមយន្តហោះ រថយន្តក្រុង ឬរថភ្លើង យ៉ាងហោចណាស់ត្រូវទទួលបានការចាក់វ៉ាក់សាំងដូសដំបូង ហើយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងរបស់ពួកគេ។ ពួកគេក៏ត្រូវតែមានលទ្ធផលតេស្ត PCR អវិជ្ជមានផងដែរដែលត្រូវបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃមុនពេលចេញដំណើរ។
បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីកំពុងតែប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានករណីឆ្លងថ្មីៗឈានដល់កម្រិតកំណត់ត្រា៕
ប្រភព៖ក្រសួងព័ត៌មាន