ឥណ្ឌូណេស៊ី និងប្រ៊ុយណេព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការប្រឆាំងការលាងលុយកខ្វក់

391

ទេសាភិបាលធនាគារឥណ្ឌូណេស៊ី លោក Perry Warjiyo និងនាយកគ្រប់គ្រងធនាគារកណ្តាលរបស់ប្រទេសប្រ៊ុយដារូសាឡឹម (DBCB) លោក Rokiah Badar បានព្រមព្រៀងគ្នាសហការក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងទប់ស្កាត់ការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពភេរវកម្មនៅក្នុងប្រព័ន្ធទូទាត់។

យោងតាមលោក Perry បានឱ្យដឹងថា ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធិភាពចាប់ពីខែមិថុនា ឆ្នាំ ២០២១ នេះ បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ធនាគារឥណ្ឌូណេស៊ីក្នុងការពង្រឹងភាពស្មោះត្រង់នៃប្រព័ន្ធហិរញ្ញវត្ថុជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃប្រព័ន្ធទូទាត់ដែលកាន់តែមានភាពស្មុគស្មាញនៅក្នុងប្រទេសទាំងពីរ។ ។

លើសពីនេះទៀត ប្រទេសឥណ្ឌូណេស៊ី និងប្រ៊ុយណេ បានទទួលស្គាល់អំពីតម្រូវការសម្រាប់ការធ្វើឱ្យស៊ីសង្វាក់គ្នា និងសមាហរណកម្មគោលនយោបាយនៅពេលអនុវត្តគោលនយោបាយប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានប្រឆាំងភេរវកម្ម (AML / CTF) ។

លោក Perry បាននិយាយថា អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការគោលនយោបាយ AML / CTF ទាក់ទងនឹងប្រព័ន្ធទូទាត់ស្របតាមយុត្តាធិការរបស់ធនាគារកណ្តាលទាំងពីរដោយផ្អែកទៅលើក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិវិធីសាស្ត្រគ្រប់គ្រង និងរបាយការណ៍ប្រតិបត្តិការ។

លោកបាននិយាយថា ភាគីទាំងពីរក៏នឹងធ្វើកិច្ចពិភាក្សាអំពីគោលនយោបាយទិន្នន័យ និងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ក៏ដូចជាការកសាងសមត្ថភាពធនធានមនុស្សផងដែរ៕

ប្រភព៖ក្រសួងព័ត៌មាន