អភិបាលខេត្ដកំពតណែនាំឱ្យអាជ្ញាធរបន្ដចុះជួយអន្តរាគមន៍បញ្ហាស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះរំាងស្ងួត

263

កំពត៖ អភិបាលខេត្ដកំពត បានណែនាំឱ្យអាជ្ញាធរបន្ដចុះជួយអន្តរាគមន៍ស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះរាំងស្ងួត ដើម្បីបូមទឹកជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ធានាកាត់បន្ថយការខូចខាតជាយថាហេតុ។

ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជំនាញពាក់ព័ន្ធ ពិសេសមន្ទីរធនធានទឹក និងមន្ទីរកសិកម្ម ត្រូវបន្តតាមដានយកចិត្តទុកដាក់សហការគ្នាឱ្យបានជាប់ជាប្រចាំ ដើម្បីពិនិត្យមើលក្នុងមូលដ្ឋានសម្រាប់ត្រៀមដោះស្រាយ ស្រូវប្រជាពលរដ្ឋកំពុងប្រឈមផលប៉ះពាល់ខ្វះខាតទឹកឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនាំយកប្រេង និងម៉ាស៊ីនបូមទឹក ប្រគល់ជូនដល់អាជ្ញាធរឃុំព្រែកក្រឹស ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកនេះ ឯកឧត្តមបានបញ្ជាក់ថា ការបន្ដចុះជួយអន្តរាគមន៍បញ្ហាស្រូវរបស់ប្រជាពលរដ្ឋនេះ ដើម្បីធានាដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋកុំឱ្យរងការខូចខាតធ្ងន់ធ្ងរ ដែលបង្កផលប៉ះពាល់ដល់សន្ដិសុខស្បៀងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ទោះស្ថិតនៅក្នុងបរិបទ នៃការរងសម្ពាធ ឆ្លងរាតត្បាតដោយសារជំងឺកូវីដ១៩ ក៏ពិតមែន ក៏សម្ដេចតេជោ តែងតែបានណែនាំ និងជំរុញដល់អាជ្ញាធរ ជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ជាប្រចាំ និងចុះជួយអន្តរាគមន៍ ដោះស្រាយ ជូនប្រជាពលរដ្ឋ ទោះស្ថិតក្នុងបរិបទកូវីដ១៩ ក៏ដោយ ។ ជាក់ស្ដែងក្រោយពេលទទួលបានដំណឹង រដ្ឋបាលខេត្តកំពត បានចុះអន្តរាគមន៍ភ្លាមៗ ដោយមិនទុកឱ្យផលដំណាំរបស់ប្រជាពលរដ្ឋខូចខាតធ្ងន់ធ្ងរឡើយ។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានឱ្យដឹងថា ស្រែរបស់ប្រជាពលរដ្ឋចំនួន២០៤គ្រួសារ ស្មើនឹង ១៩៥ហិកតា កំពុងប្រឈមនឹងការខ្វះខាតទឹក នៅក្នុងភូមិចំនួន៥ នៃឃុំព្រែកក្រឹស មានភូមិព្រៃព្រូស ភូមិដើមស្វាយ, ភូមិលក្ខជា, ភូមិកោះតាកូវ និងភូមិព្រែកក្រឹស ៕

ប្រភព៖ក្រសួងព័ត៌មាន