កណ្ដាល៖ ប្ដីប្រពន្ធពីនាក់ កំពុងតែដេកនៅក្នុងរោងចិញ្ចឹមទា ត្រូវបានឃាតកប្រើប្រាស់ដោយអាវុធខ្លីចូលទៅបាញ់ប្រហារទៅលើប្រពន្ធបណ្ដាលឱ្យដេកស្លា ប់នៅក្នុងថ្លុកឈាម ចំណែកប្ដីបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង៣៥នាទីព្រឹក ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចព្រែកដូងឯម ស្ថិតក្នុងភូមិថ្មី ឃុំសន្លុង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធ ឈ្មោះ សិន ស្រឿន ភេទស្រី អាយុ៤៩ឆ្នាំ បានស្លា ប់នៅនឹងកន្លែងកើតហេតុ ចំណែកប្ដី ឈ្មោះ យឹម គីម ហុក ភេទប្រុស មានអាយុ៤៥ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
យោងតាមប្រភពព័ត៌មានពីកូនជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យសមត្ថកិច្ចដឹងថា នៅវេលា០៨យប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ បានឲ្យកូនប្រុសរបស់គាត់ ឈ្មោះ ហុក ភូណាន់ ភេទប្រុស អាយុ១៧ឆ្នាំ ម្នាក់ជិះម៉ូតូដឹករូបគាត់មកដេកនៅកន្លែងរោង ចិញ្ចឹមទានេះជារៀងរាល់យប់ ហើយរូបគេក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ លុះមកដល់ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង០៥នឹង៣៥នាទី ឈ្មោះ ហុក ភូណាន់ ក៏បានជិះម៉ូតូត្រឡប់មកដល់រោងចិញ្ចឹមទា ដើម្បីមកជួយរើសពងទា ក៏ស្រាប់តែបានឃើញម្ដាយរបស់ខ្លួនដេកស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ ចំណែកឪពុកមានឈាមហូរពេញខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ ។
យោងតាមសម្ដីពីកូនជនរងគ្រោះដដែលបានរៀបរាប់បន្តទៀតឲ្យដឹងថា ក្រោយពេលខ្លួនបានឃើញហេតុការណ៍ដ៏រន្ធត់មួយនេះភ្លាមរូបគេ ក៏បានរាយការណ៍ជូនទៅប្រាប់សមត្ថកិច្ចនៅមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល ក្រោយពីទទួលបានដំណឹងនេះភ្លាមកម្លាំងនគរបាលប៉ុស្ត៍ក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុនោះ ដើម្បីចងខ្សែហ៊ុព័ទ្ធ ហើយក៏បានរកឃើញសុំបកកន្ទុះ ចំនួន១០គ្រាប់នឹងមានស្នាមកាប់នៅលើជញ្ជាំងស័ង្គសីចំនួន០២កន្លែងទៀតផង ។
នៅជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុ ចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថាលោកកំពុងតែបញ្ជាកងកម្លាំងជំនាញ ឱ្យចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដាក់ដើម្បីចាំចាប់ខ្លួនជនល្មើស យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់
រាយការណ៍ដោយ-P.23