កម្ពុជានៅមានឱកាសវិលទៅរកភាពល្អប្រសើរពីបញ្ហាជំងឺកូវីដ-១៩ ប្រសិនបើប្រជាពល រដ្ឋរួមគ្នាអនុវត្តវិធានសុខាភិ បាលឱ្យបានខ្ជាប់ខ្ជួន

274

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បញ្ជាក់ថា កម្ពុជានៅមានឱកាសវិលទៅរកភាពល្អប្រសើរពីបញ្ហាជំងឺកូវីដ១៩ ប្រសិនបើប្រជាពលរដ្ឋរួមគ្នាអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ ស្កាត់កុំឱ្យជំងឺនេះបន្តរាតត្បាតកាន់តែខ្លាំងក្លាជាងនេះ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខា ភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទំាងប្រទេស បានមានប្រ សាសន៍ថា បច្ចុប្បន្ននេះកម្ពុជាកំពុងស្ថិតនៅខ្សែបន្ទាត់ក្រហមនៃជំងឺកូវីដ១៩ តែកម្ពុជានៅមានឱកាសក្នុងការកែប្រែវិបត្តិដ៏កាចសាហាវនេះ ឱ្យវិលទៅរកភាពល្អប្រសើរវិញ តាមរយៈការចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់ ក្នុងការអនុវត្តន៍វិធានសុខាភិបាល ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានត្រឹមត្រូវនិងម៉ត់ចត់ជាទីបំផុត ជាពិសេសការទៅទទួលវ៉ាក់សាំងកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ។

លោកជំទាវបន្តថា នៅក្នុងកាលៈទេសៈនេះ គឺប្រជាពល រដ្ឋនៅមានឱកាសនៅឡើយ ប្រសិនបើបុគ្គលគ្រប់រូបចាប់ ផ្តើមធ្វើសកម្មភាពរួមគ្នា ដោយយកចិត្តទុកដាក់ទៅលើវិធានការការពារ ដើម្បីកុំឱ្យមេរោគកូវីដ១៩នេះ ឆ្លងចូលទៅក្នុងសរីរាង្គកាយរបស់ខ្លួន ហើយនាំយកមេរោគនេះទៅចម្លងដល់ក្រុមគ្រួសារបន្តទៀត ។

« អ៊ីចឹងអ្វីដែលសំខាន់គឺការចូលរួមទាំងអស់ គ្នាក្នុងការអនុវត្តនូវវិធានការការពារ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឱ្យការឆ្លងរីករាលដាលនេះវាហួសពីខ្សែបន្ទាត់ក្រហម កាលណាហួសពីបន្ទាត់ ក្រហម នោះនឹងចូលទៅដល់ការរាតត្បាត ដោយមិនដឹងក្បាលកន្ទុយ មានន័យថា វាចូលទៅក្នុងការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំក្នុងសហគមន៍ដែលរកប្រភពក៏មិនឃើញ ងាកទៅឆ្លង ងាកទៅឆ្លង គឺឆ្លងច្រើនគ្នា ដូច្នេះនៅពេលនោះការលំបាករបស់យើងគឺមានច្រើន ហើយវាអាចស្ថិតនៅក្នុងរយៈពេលយូរ ដូច្នេះនៅក្នុងពេលនេះទាន់យើងនៅមានឱកាស ហើយនៅក្នុងកាលៈទេសៈមួយដែលយើងមានឱកាសសម្រាប់រួមគ្នា ហើយបុគ្គលគ្រប់រូបត្រូវតែងាកមករកអនុវត្តន៍នូវវិធានការនេះឱ្យបានម៉ត់ចត់ ដើម្បីយើងទប់ស្កាត់នូវវិធាន ការនេះ កុំឱ្យដើរឆ្លងហួសបន្ទាត់ក្រហមរបស់យើង » ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩សរុបចំនួន៥៥ ១៨៧ ករណី អ្នកជាសះ ស្បើយចំនួន៤៧ ៣៨៦ ករណី និងករណីស្លាប់មានចំនួន៧៤៨នាក់ ៕

ប្រភព៖ក្រសួងព័ត៌មាន