ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបាឡែនមួយគ្រឿងមកឈប់រងចាំសញ្ញាភ្លើងស្តុបត្រូវបានរថយន្តសាំយ៉ុង១៥កៅអីប្រភេទទេសចរណ៍ដឹកអ្នកដំណើរបើកមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង១០នាទីយប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភ្លើងស្តុបជាប់នឹងរង្វង់មូលទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានព្យាយាមបើករហូតមកដល់ស្ពានអាកាស៥មករា ទើបភាគីតាំងពីឈប់ធ្វើការចរចាគ្នា យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានគិតឡើង គេបានឃើញបុរសម្នាក់រួមជាមួយនឹងក្រុមគ្រួសារបើករថយន្តម៉ាកបាឡែនពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2U-2158 បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងមកត្បូង ខណៈពេលដល់ត្រង់នឹងចំណុចភ្លើងស្តុបរង្វង់មូលទួលគោក ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកសំាយ៉ុងសូរ៉ា១៥កៅអីប្រភេទរថយន្តទេសចរណ៍ពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AN-5669 បើកមកបុកពីក្រោយរថយន្តបាឡែនដែលកំពុងឈប់រងចាំភ្លើងស្តុបពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំហើយក៏បានព្យាយាមបើកដេញគ្នារហូតមកដល់ស្ពានអាកាស៥មករាក្នុងទឹកដីសង្កាត់ទឹកល្អក់ទី០១ទើបរថយន្តទាំងពីគ្រឿងឈប់និយាយគ្នា ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីជួយធ្វើការសម្របសម្រួលអស់រយៈពេលជិតកន្លះម៉ោងទើបភាគីខាងរថយន្តសាំយ៉ុងទទួលយករថយន្តបាឡែនទៅធ្វើការជួសជុលឲ្យបានស្អាតដូចដើមវិញដើម្បីបញ្ចប់រឿង
រាយការណ៍ដោយ-P.23