ប្រភពពីអង្គការជីវសត្វស្លាបអន្តរជាតិ Bird Life បានឱ្យដឹងនៅរសៀលថ្ងៃ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ថា ក្នុងរដូវកាលពងកូនឆ្នាំ២០២០-២០២១ សត្វចង្កៀលខ្យង បានមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន ២.១៨៦ នៅលើដើមរាំងចំនួន ២៧០ដើម។ ការធ្វើសម្បុកនេះជាកំណត់ត្រាថ្មីដែលពុំធ្លាប់មាន ក្នុងរយៈពេលប្រមាណជាង ១៥ឆ្នាំចុងក្រោយនេះ។
ក្រោមជំនួយពីអង្គការBird Life និងដោយការយកចិត្តទុកដាក់ថែរក្សា ការពារពីមន្ត្រីឧទ្យានុរក្សប្រចាំការ ក្រុមការងារទីវាលសម្បុកចង្កៀលខ្យង បានញាស់ជោគជ័យជាបន្តបន្ទាប់ ដែលសម្បុកចុងក្រោយគឺញាស់ក្នុងខែមេសា ឆ្នាំ២០២១។ ក្នុងចំណោមសម្បុកពងកូនទាំងអស់ (ប្រមាណ ២.១៨៦) មានការញាស់ជោគជ័យប្រមាណ៨៥ភាគរយ និង១៥ភាគរយទៀត រងការខូចខាត តាមរយៈទឹកជំនន់លិចសម្បុកដែលលើដើមឈើទាបៗ ខ្យល់កន្ត្រាក់ធ្លាក់ខូច និង មានជនខិលខូចលួចប្រមូលពងសត្វ។ ចំណែកសម្បុកដែលញាស់ជោគជ័យ ជាមធ្យមបានកូនចង្កៀលខ្យងប្រហែល ៥.៥៨០ក្បាល ទទួលរងការខូចខាតអស់កូនប្រហែល ១០ភាគរយ (ស្លាប់ដោយសារជំងឺ និងកត្តាផ្សេងៗ)។
ចំណែកប្រមាណ ៤០ភាគរយ បង្ខំចិត្តហើរចាកចេញពីសម្បុក និងទ្រនុំ ដោយកត្តារាំងស្ងួតខ្វះប្រភពទឹក និងចំណី។
បច្ចុប្បន្ន មានកូនចង្កៀលខ្យងប្រមាណ ៥០ភាគរយ (ជាមធ្យម ប្រហែល ២.៧៩០ ក្បាល) នៅបន្តស្នាក់នៅលើសម្បុក និងទ្រនុំ ដែលខ្លះទើបតែញាស់ហើយ មិនទាន់អាចហើរបានឆ្ងាយពីមេបា។ យើងបានសង្កើតឃើញផងដែរថា មេបាចាស់ៗបានប្រមូលកំណាត់ឈើ តូចៗបន្ថែម ដើម្បីជួសជុលសម្បុក និង ធ្វើសម្បុកថ្មីលើមែកឈើដែលខ្ពស់ៗជាងមុន។
ក្រុមការងាទីវាលបានសន្និដ្ឋានថា សកម្មភាពនេះជាសញ្ញាល្អ ដែលបញ្ជាក់ថា ចង្កៀលខ្យងនឹងមិនបន្លាស់ទីចេញអស់ពីទីតាំងពងកូនឡើយ ហើយរដូវកាលពងកូនឆ្នាំ២០២១-២០២២ អាចនឹងមានសម្បុកកើនឡើងបន្ថែមទៀត។
គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ សហការអនុវត្តន៍ដោយ ក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ ព្រមទាំងមានការគាំពារ ពី អង្គការជីវសត្វស្លាបអន្តរជាតិ Bird Life អង្គការជីវិតធម្មជាតិនៅកម្ពុជា Nature Life និងអង្គការ WWT ៕
ប្រភព៖ក្រសួងព័ត៌មាន