ករណីជំងឺកូវីដ-១៩ រហូតដល់ ៧០ភាគរយនៅទីក្រុងបាងកកបានឆ្លងទម្រង់វីរុសឌែលតា

397

យោងតាមអ្នកជំនាញផ្នែកមេរោគឈានមុខគេរបស់ប្រទេសថៃបានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន ៧០ភាគរយនៅទីក្រុងបាងកកបានឆ្លងទម្រង់វីរុសឌែលតា (Delta) ដែលទម្រង់នេះត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា។

ការរកឃើញនេះត្រូវបានបង្ហាញឱ្យដឹងដោយលោកវេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន។

លោកបាននិយាយថា មជ្ឈមណ្ឌលនេះបានបើកការស្រាវជ្រាវទៅលើករណីជាង ៧០០នាក់នៃជំងឺកូវីដ-១៩ នៅក្នុងទីក្រុងបាងកកដែលបានបញ្ជាក់អំពីការចម្លងបានយ៉ាងរហ័ស។ការសិក្សានេះបានព្យាករថា ទម្រង់វីរុសឌែលតានឹងមានការកើនឡើង ជាពិសេសនៅក្នុងរាជធានីបាងកក។

ប្រទេសថៃបានបញ្ជាក់អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦ ២៣០នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៤១នាក់កាលពីថ្ងៃទី ៣ ខែកក្កដា ដោយបង្កើនចំនួនសរុបនៅក្នុងប្រទេសថៃដល់ ២៧៧ ១៥១នាក់ និងមានអ្នកស្លាប់សរុបចំនួន ២ ១៨២នាក់។ រាជធានីបាងកកបានបន្តកត់ត្រានូវករណីឆ្លងថ្មីដែលមានចំនួន ១ ៩១៧នាក់នៅក្នុងថ្ងៃដដែលនោះ។

មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) បាននិយាយកាលពីថ្ងៃទី ២ ខែកក្កដាថា ចំនួនករណីឆ្លងថ្មីត្រូវបានគេព្យាករថានឹងមានការកើនឡើងបន្ថែមទៀតនៅសប្តាហ៍ក្រោយ។

ប្រទេសថៃត្រូវបានរំពឹងថានឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០លានដូសបន្ថែមទៀតនៅក្នុងខែកក្កដានេះ។ គិតត្រឹមថ្ងៃទី ២ ខែកក្កដា ប្រទេសថៃបានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិចដូសដំបូងទៅដល់ប្រជាជនចំនួន ១០,៣លាននាក់ ឬ ១៥ភាគរយនៃប្រជាជនសរុបរបស់ខ្លួន ដោយក្នុងនោះប្រជាជនប្រមាណជិត ២,៩លាននាក់បានទទួលការចាក់វ៉ាក់សាំងចំនួន ២ដូស៕

ប្រភព៖ក្រសួងព័ត៌មាន