លោកវរសេនីយ៍ឯក Wayne Marotto អ្នកនាំពាក្យប្រតិបត្តិការដំណោះស្រាយដែលដឹកនាំដោយសហរដ្ឋអាមេរិកបាននិយាយនៅលើបណ្តាញសង្គម Twitter របស់លោកថា ការរាយការណ៍មុនៗដែលថាមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅស៊ីរីបានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃអាទិត្យនោះ គឺជាការមិនពិតទេ។
បណ្តាញទូរទស្សន៍ Al Arabiya បានរាយការណ៍នៅពេលមុននេះថា មូលដ្ឋានយោធាសហរដ្ឋអាមេរិកមួយនៅខេត្ត Deir ez-Zor នៅភាគខាងកើតប្រទេសស៊ីរី បានស្ថិតនៅក្រោមការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃទី ៤ ខែកក្កដា។
លោក Marotto បានបញ្ជាក់ថា «វាមិនមែនជាការពិតទេចំពោះការរាយការណ៍ដែលថា សហរដ្ឋអាមេរិកនៅស៊ីរីត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃអាទិត្យ»។
យោងតាមទូរទស្សន៍ Al Arabiya បានឱ្យដឹងថា យ៉ាងហោចណាស់មានគ្រាប់រ៉ុក្កែតចំនួន ២គ្រាប់ត្រូវបានបាញ់បង្ហោះសំដៅទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកដែលមានទីតាំងនៅជិតតំបន់ប្រេង Al-Omar នៅភាគខាងកើតនៃខេត្ត Deir ez-Zor ។ ទូរទស្សន៍នេះបានរាយការណ៍ថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញពីទីតាំងរបស់ក្រុមអ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់ ហើយមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់ និងការខូចខាតដែលអាចកើតមាននៅទីតាំងគោលដៅនោះទេ។
មូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅជិតតំបន់ប្រេង Al-Omar គឺស្ថិតនៅក្រោមការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃទី ២៨ ខែមិថុនា នៅពេលដែលកងកម្លាំងសហរដ្ឋអាមេរិកបានបើកការបាញ់កាំភ្លើងធំដើម្បីឆ្លើយតបនឹងការវាយប្រហារនោះ។ លោក Marotto បាននិយាយនៅពេលនោះថា មិនមានអ្នកស្លាប់ និងរបួសនៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិកទេ៕
ប្រភព៖ក្រសួងព័ត៌មាន